រុស្ស៊ីពុំទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីជាប់ឆ្នោតជាថ្មីនៅក្នុងក្រុមប្រឹក្សាគ្រប់គ្រងរបស់ទីភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិ ក្នុងការរិះគន់ចុងក្រោយបំផុតជុំវិញការឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ទីក្រុងមូស្គូ បានទទួលសំឡេងគាំទ្រចំនួន៨៧សំឡេង ដោយខ្វះចំនួនក្នុង៩៣សំឡេងដែលត្រូវការដើម្បីទទួលបានអសនៈមកវិញនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក៣៦ប្រទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក្នុងអំឡុងពេលសន្និបាតរបស់ទីភ្នាក់ងារនៅក្នុងទីក្រុងម៉ុងរ៉េអាល់ ដែលកិច្ចប្រជុំនេះធ្វើឡើងរហូតដល់ថ្ងៃទី៣ ខែតុលា។
ប្រទេសរុស្ស៊ី បានបាត់បង់អាសនៈនៅក្រុមប្រឹក្សារបស់ខ្លួនក្នុងឆ្នាំ២០២២ នៅពេលដែលសមាជិកជាច្រើនបានដកប្រទេសនេះចេញពីក្រុមរដ្ឋដែលត្រូវបានគេចាត់ទុកថា «មានសារៈសំខាន់ក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស» បន្ទាប់ពីការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។ ប្រតិភូរុស្ស៊ី ភ្លាមៗបានអំពាវនាវឱ្យមានការបោះឆ្នោតជុំឡើងវិញប៉ុន្តែសភាបានច្រានចោល។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បាននិយាយថា ការដកប្រទេសខ្លួនចេញ «ធ្វើឱ្យខូចដល់សិទ្ធិអំណាច និងប្រសិទ្ធភាពរបស់អង្គការនេះ»។ ក្រសួងនិយាយថាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) គួរតែធ្វើប្រតិបត្តិការ «ផ្អែកលើការឯកភាពជាអន្តរជាតិដ៏ទូលំទូលាយ ពុំមែនផលប្រយោជន៍នយោបាយតូចចង្អៀតនោះទេ» ហើយទីក្រុងមូស្គូបានទទួលការគាំទ្រកើនឡើងពីក្រុមប្រទេស BRICS និងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងនៅអាស៊ីអាគ្នេយ៍។