អាហ្វហ្គានីស្ថាន៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលសារព័ត៌មាន Reuters ទទួលបានបាននិយាយថា ក្រុមតាលីបង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវគេជឿថា បានសម្លាប់ក្រុមអតីតមន្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់ រួមមានសមាជិកកងកម្លាំងសន្តិសុខ និងមនុស្សផ្សេងទៀតដែលធ្លាប់បានធ្វើការជាមួយអង្គភាពជាប់ពាក់ព័ន្ធ នឹងយោធាអន្តរជាតិចាប់តាំងពីសហរដ្ឋអាមេរិកដកកងទ័ពចេញ។

របាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានភ្ជាប់ជាមួយនូវរូបភាពនៃស្ថានភាពរស់នៅដ៏លំបាកវេទនា សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣៩លាននាក់ ទោះបីជាការវាយប្រយុទ្ធគ្នាជាមួយក្រុមតាលីបង់ដែលដណ្ដើមកាន់កាប់ប្រទេសនេះ បានបញ្ចប់ទៅកាលពីខែសីហាក៏ដោយ។ លោក Guterres បាននិយាយថា ប្រព័ន្ធសង្គមដ៏ស្មុគស្មាញ និងសេដ្ឋកិច្ចកំពុងដួលរលំទាំងស្រុង។
របាយការណ៍នេះបានបង្ហាញពីការព្រួយបារម្ភចុងក្រោយបំផុត ក្នុងការព្រមានជាបន្តបន្ទាប់ដែលប្រមុខអង្គការសហប្រជាជាតិ ធ្លាប់បានបញ្ចេញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះអំពីវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីក្រុមតាលីបង់បានដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល ខណៈដែលកងទ័ពបរទេសដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញ ហើយម្ចាស់ជំនួយអន្តរជាតិបានកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ ដល់ប្រទេសដែលពឹងផ្អែកលើជំនួយបរទេសមួយនេះ។ ខណៈដែលវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌នៅប្រទេសអាងហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរខ្លាំង មនុស្សកំពុងត្រូវបង្ខំចិត្តលក់សរីរាង្គ និងកូនៗរបស់ពួកគេដើម្បីរស់៕
អត្ថបទ៖ សុខមាន