ជាលើកទីបួនហើយ ដែលអ្នកតវ៉ាក្រុម Gen Z នៅប្រទេសប៉េរូ ត្រូវបានចូលរួមដោយសហជីពដឹកជញ្ជូន និងពាណិជ្ជករ បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Lima កាលពីថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ដោយបញ្ចប់ទៅនៃថ្ងៃក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម។ ភាពតានតឹងបានផ្ទុះឡើង នៅពេលក្រុមអ្នកតវ៉ាបានរុលចូលទៅកាន់ផ្លូវនានានៅជុំវិញសភា។
ការហែក្បួនបាតុកម្មបានបញ្ចប់ទៅដោយមនុស្ស ១៨ នាក់បានរងរបួស នេះបើយោងតាមអង្គការសម្របសម្រួលជាតិដើម្បីសិទ្ធិមនុស្ស។ នគរបាលជាតិរបស់ប្រទេសប៉េរូ បានឆ្លើយតបថា ខ្លួនបានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលទំនងជាបង្ហាញពីការប្រើប្រាស់កម្លាំងយ៉ាងបំពានដោយក្រុមមន្ត្រីមួយចំនួនក្នុងអំឡុងពេលហែក្បួនបាតុកម្ម។
ស្ថាប័ននេះក៏បានរាយការណ៍ផងដែរថា មន្ត្រីម្នាក់បានរងការរលាកដោយចំហេះស្រាក្រឡុក Molotov អំឡុងពេលមានការប៉ះទង្គិចគ្នា។ ការមិនសប្បាយចិត្តត្រូវបានបញ្ឆេះដោយរឿងអាស្រូវអំពើពុករលួយ អសន្តិសុខសេដ្ឋកិច្ច ការកើនឡើងឧក្រិដ្ឋកម្ម និងកំហឹងចំពោះកង្វះការទទួលខុសត្រូវជុំវិញបាតុកររាប់សិបនាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅពេលដែលលោកស្រី Boluarte ឡើងកាន់តំណែងនៅចុងឆ្នាំ២០២២ បន្ទាប់ពីអតីតប្រធានាធិបតី លោក Pedro Castillo ត្រូវបានដកចេញពីតំណែង និងចាប់ខ្លួន។