ក្រុមស្ម័គ្រចិត្តបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា មនុស្សយ៉ាងតិច ៩៥នាក់ បានស្លាប់ដោយសារតែភាពអត់ឃ្លាន និងជំងឺ ក្នុងពេល ៤០ថ្ងៃកន្លងទៅនោះ នៅជំរំជនភៀសខ្លួន Abu Shouk ក្នុងទីក្រុង El Fasher ភាគខាងលិចប្រទេសស៊ូដង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសង្គ្រោះបន្ទាន់ជំរំ Abu Shouk ដែលជាក្រុមស្ម័គ្រចិត្ត បាននិយាយថា កុមារចំនួន ៧៣នាក់ អាយុក្រោម ៥ឆ្នាំ និងមនុស្សចាស់ ២២នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន និងជំងឺ ក្នុងចំណោមអ្នករស់ក្នុងជំរំនោះ។
ក្រុមនេះបានព្រមានពីវិបត្តិសុខភាពកាន់តែអាក្រក់ ដោយលើកឡើងពីសាកសពដែលមិនទាន់កប់នៅទូទាំងក្រុង El Fasher ស្របពេលអសន្តិសុខកំពុងបន្ត ហើយបានជំរុញឱ្យអង្គការអន្តរជាតិបង្កើតច្រករបៀងសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលភៀសខ្លួនចេញពីជម្លោះ។ ទីភ្នាក់ងារសម្របសម្រួលនៃគណៈកម្មាធិការតស៊ូនៅក្រុង El Fasher ដែលជាក្រុមស្ម័គ្រចិត្តមួយផ្សេងទៀត បានបញ្ជាក់ពីតួលេខអ្នកស្លាប់នោះ និងបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌមនុស្សធម៌។
ប្រទេសស៊ូដង់ទាំងមូលនៅតែជាប់គាំងដោយជម្លោះកាន់តែទូលំទូលាយរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដែលផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣។ ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជម្លៀសមនុស្សរាប់លាននាក់ ដែលធ្វើអោយវិបត្តិមនុស្សធម៌ស៊ូដង់កាន់តែស៊ីជម្រៅ៕