យេមែន៖ អង្គការសហប្រជាជាតិបាននិយាយថា កុមារជិត ១,៥០០នាក់ដែលត្រូវបានជ្រើសរើសដោយក្រុមឧទ្ទាមហួទីរបស់ប្រទេសយេមែន បានស្លាប់ក្នុងការវាយប្រយុទ្ធគ្នាកាលពីក្នុងឆ្នាំ២០២០ និងរាប់រយនាក់ទៀតបានស្លាប់ក្នុងឆ្នាំបន្ទាប់។ នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញបាននិយាយថា ក្រុមឧទ្ទាមនៅតែបន្តជ្រើសរើសកុមារធ្វើជាកងទ័ពដោយប្រើប្រាស់ជំរំរដូវក្ដៅ និងព្រះវិហារដើម្បីផ្សព្វផ្សាយមនោគមន៍វិទ្យា។
របាយការណ៍ទាំងនោះបានបន្ថែមថា ការវាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាម ពីសំណាក់កងកម្លាំងដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅតែបង្កឲ្យជនស៊ីវិលបាត់បង់អាយុជីវិតកាន់តែច្រើន។ កុមារជាង ១០,០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៥។ មនុស្សពេញវ័យរាប់ម៉ឺននាក់ក៏បានស្លាប់ផងដែរដោយសារការវាយប្រយុទ្ធគ្នាដោយផ្ទាល់ ខណៈដែលប្រជាពលរដ្ឋរាប់លាននាក់បានភៀសខ្លួន និងកំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភឹក្ស។
នៅក្នុងរបាយការណ៍កម្រាស់ ៣០០ទំព័រ ក្រុមប្រឹក្សាសន្តិសុខនេះបាននិយាយថា ខ្លួនបានទទួលបញ្ជីឈ្មោះកុមារចំនួន ១,៤០៦នាក់ដែលត្រូវបានក្រុមឧទ្ទាមហួទីជ្រើសរើសជាទាហានដែលបានស្លាប់នៅសមរភូមិក្នុងឆ្នាំ២០២០ និងកុមារចំនួន ៥៦២នាក់នៅចន្លោះខែមករា និងឧសភានៅឆ្នាំបន្ទាប់។ ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្ដីអ្នកជំនាញជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ៤រូបដោយនិយាយថា កុមារទាំងនោះត្រូវបានបង្ហាត់បង្រៀនឲ្យប្រកាន់ភ្ជាប់ នូវពាក្យស្លោករបស់ក្រុមហួទីមានដូចជា៖ សងសឹកសហរដ្ឋអាមេរិក សងសឹកអ៊ីស្រាអែល ជេរដៀលជនជាតិជ្វីស និងនាំភាពជោគជ័យមកឲ្យអ៊ីស្លាមជាដើម៕
អត្ថបទ៖ សុខមាន