រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា មិនមានដំណោះស្រាយយោធា នៅក្នុងតំបន់ហ្កាហ្សាទេ ហើយបានអំពាវនាវឲ្យបញ្ចប់សង្គ្រាម ដោយកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ដែនដីតំបន់ឆ្នេរប៉ាឡេស្ទីន ដែលគាំទ្រដោយរដ្ឋបាលសហរដ្ឋអាមេរិក។
លោកស្រី Cooper ដែលបានបញ្ជាក់សាជាថ្មីអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រី នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានប្រាប់សារព័ត៌មាន The Guardian ថា សហគមន៍អន្តរជាតិ បានឈានដល់ពេលដែលពិភពលោកចង់បញ្ចប់សង្រ្គាមនេះ។
សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីចុងឆ្នាំ ២០២៣ ដែលបានបណ្តាលឲ្យមាន មនុស្សជាង ៦៥.000នាក់ ស្លាប់ ក្នុងរយៈពេល ២ ឆ្នាំនោះ ត្រូវបានចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍ដោយមន្ត្រីសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិមួយចំនួន។
លោកស្រី Cooper ដែលត្រូវបានគេជឿថា ជារដ្ឋមន្ត្រីម្នាក់នៃគណៈរដ្ឋ ដែលបានជំរុញឲ្យនាយករដ្ឋមន្ត្រី លោក Keir Starmer ទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន បដិសេធមិនប្រកាសថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ លោកស្រីបាននិយាយថា វាអាស្រ័យលើអ្នកជំនាញច្បាប់របស់រដ្ឋាភិបាលក្នុងការសម្រេចចិត្ត។ នេះបើតាមកាសែត The Guardian៕