ស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោក ឈ្មោះ Huajiang Grand Canyon បានបើកឱ្យធ្វើចរាចរណ៍កាលពីព្រឹកថ្ងៃអាទិត្យ (២៨ កញ្ញា) នៅក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិន ដោយកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ជ្រលងដ៏ជ្រៅមួយពីរយៈពេល ២ម៉ោង មកនៅត្រឹមតែ ២នាទីប៉ុណ្ណោះ បន្ទាប់ពីការសាងសង់អស់រយៈពេល ៣ឆ្នាំ។
ស្ពាន Huajiang នេះមានកម្ពស់ ៦២៥ម៉ែត្រ ពីលើទន្លេ Beipan ក្នុងតំបន់ភ្នំ Guizhou ហើយមានកម្ពស់ខ្ពស់ជាងស្ពាន Golden Gate របស់ទីក្រុង San Francisco សហរដ្ឋអាមេរិក ដល់ទៅជិត ៩ដង។ អាជ្ញាធរខេត្ត Guizhou បានឱ្យដឹងថា ជាមួយនឹងវិសាលភាពនៃប្រវែង ១.៤២០ម៉ែត្រ គម្រោងនេះបានក្លាយជាស្ពានខ្សែកាប្លិ៍ប្រវែងវែងជាងគេបំផុតរបស់ពិភពលោកនៅក្នុងតំបន់ភ្នំ។
ដោយលាតសន្ធឹងលើជ្រលងភ្នំ Huajiang ដែលត្រូវបានគេដាក់ឈ្មោះថា "បន្ទាត់ផែនដី" រចនាសម្ព័ន្ធដែលមានប្រវែងសរុប ២.៨៩០ម៉ែត្រនេះ គឺជាការបន្ថែមចុងក្រោយបំផុតនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
ប្រទេសចិន បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលជារយៈពេលនៃកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងនគរូបនីយកម្មក្នុងប្រទេស។ ខេត្ត Guizhou ជាពិសេស គឺឆ្លងកាត់ដោយស្ពានរាប់ពាន់ខ្សែ ដែលឥឡូវនេះ ក៏រួមបញ្ចូលទាំងស្ពានខ្ពស់ជាងគេទីពីររបស់ពិភពលោកឈ្មោះ Beipanjiang ដែលមានកម្ពស់ ៥៦៥ម៉ែត្រ៕