ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ចិន បានរាយការណ៍នៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា គណបក្សកុម្មុយនិស្តចិន នឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៤ ដ៏សំខាន់របស់ខ្លួនចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែតុលា ខាងមុខ។ ការសម្រេចចិត្តលើកិច្ចប្រជុំបិទទ្វារនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលនៃបក្សកុម្មុយនិស្តចិន។
កិច្ចប្រជុំពេញអង្គនាពេលខាងមុខគឺកំណត់ធ្វើឡើងដើម្បីដោះស្រាយបញ្ហាអភិបាលកិច្ច និងគោលនយោបាយសំខាន់ៗទាក់ទងនឹងអនាគតរបស់ប្រទេសចិន ព្រមទាំងដើម្បីពិនិត្យមើលឡើងវិញនៃការវិវត្តលើផែនការរយៈពេល ៥ឆ្នាំខាងមុខ។
Xinhua បានរាយការណ៍កាលពីចុងខែកក្កដាថា ផែនការរយៈពេលប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) នឹងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសចិន ក្នុងការសម្រេចបាននូវទំនើបកម្មសេដ្ឋកិច្ច ខណៈបរិយាកាសអភិវឌ្ឍរបស់ប្រទេសប្រឈមនឹងការផ្លាស់ប្តូរយ៉ាងជ្រៅ និងស្មុគស្មាញ។
សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ មានកំណើន ៥,២% នៅក្នុងត្រីមាសទីពីរ ពោលគឺខ្ពស់ជាងការរំពឹងទុកបន្តិច ប៉ុន្តែអ្នកវិភាគនិយាយថា តម្រូវការក្នុងស្រុកទន់ខ្សោយ និងកំណើនហានិភ័យពាណិជ្ជកម្មសកល អាចជំរុញឱ្យអ្នកបង្កើតគោលនយោបាយដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត។ ចិន កំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២៥ទាំងមូល៕