បាល់ទាត់៖ ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations បានរកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយបន្ទាប់ពីអេហ្ស៊ីប និងសេណេហ្កាល់យកឈ្នះគូប្រកួតរៀងខ្លួនយប់មិញ។ ក្រុមជើងឯក ៧សម័យអេហ្ស៊ីបបានបន្តដំណើរស្វែងរកជើងឯកលើកទី៨ របស់ខ្លួនក្រោយយកឈ្នះក្រុមជើងឯកឆ្នាំ១៩៧៦ ម៉ារ៉ុក ២-១ នៅម៉ោងបន្ថែមកាត់សេចក្តី ១៥នាទីពីរដង។

ម៉ារ៉ុកចាប់ផ្តើមដោយនាំមុខមុនតាំងពីនាទីទី៦ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Sofiane Boufal តែវគ្គទី២ លេងបាន ៨នាទីអេហ្ស៊ីបក៏តាមស្មើវិញនៅនាទីទី៥៣ ដោយខ្សែប្រយុទ្ធ Liverpool, Mohamed Salah។ Salah ដដែលគឺជាអ្នកបញ្ជូនឱ្យមានគ្រាប់បាល់ជ័យជំនះសំរាប់អេហ្ស៊ីបនៅម៉ោងបន្ថែម ១៥នាទីលើកទី១ នាទីទី ១០០ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Aston Villa, Trezeguet។ ចំណែកមួយគូទៀតក្រុមជើងឯករង ២លើកសេណេហ្កាល់បានបន្តដំណើរស្វែងរកជើងឯកលើកដំបូងរបស់ខ្លួន តាមរយៈជ័យជំនះលើអេក្វាទ័រហ្គីណេ ៣-១។
អតីតខ្សែប្រយុទ្ធ Bristol, Famara Diedhiou ស៊ុតបើកការនាំមុខមុនឱ្យសេណេហ្កាល់ទទួលបាល់ពី Sadio Mane នៅនាទីទី២៨ មុនពេលដែលអេក្វាទ័រហ្គីណេតាមស្មើវិញនៅវគ្គទី២ ដោយ Jannik Buyla នាទីទី៥៧។ មិនលេងដល់ម៉ោងបន្ថែមឡើយក្រុមជើងឯករងឆ្នាំ២០១៩ សេណេហ្កាល់ក៏រកបានគ្រាប់ជ័យជំនះ ២គ្រាប់ដោយកីឡាករបម្រុង Cheikhou Kouyate និង Ismaila Sarr។ ចំណែកការប្រកួតកាលពីថ្ងៃសៅរ៍ម្ចាស់ផ្ទះកាមេរូនយកឈ្នះហ្កាំប៊ី ២-០ និងបូគីណាហ្វាសូយកឈ្នះទុយនេស៊ី ១-០។ ដូច្នេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របូគីណាហ្វាសូនឹងជួបសេណេហ្កាល់នៅថ្ងៃទី២ ខែកុម្ភៈ ខណៈអេហ្ស៊ីបជួបម្ចាស់ផ្ទះកាមេរូនមួយថ្ងៃបន្ទាប់៕
អត្ថបទ៖នាង សុភាវុធ