ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងជួបជាមួយសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុងសភា ក្នុងពេលថ្ងៃផុតកំណត់ខិតជិតមកដល់ ក្នុងការបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ។ កិច្ចប្រជុំដែលបានគ្រោងទុករបស់លោក Trump ជាមួយមេដឹកនាំសភា ធ្វើឡើងខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការបិទរដ្ឋាភិបាលដោយផ្នែកចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ លុះត្រាតែសមាជិកសភាអាចព្រមព្រៀងលើសេចក្តីស្នើច្បាប់ចំណាយ។
ការប្រឈមមុខដាក់គ្នាកើតឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីដើមខែនេះ បានច្រានចោលសេចក្តីស្នើច្បាប់ចំណាយដោះស្រាយបណ្តោះអាសន្នដែលព្រាងដោយគណបក្សសាធារណរដ្ឋ ដើម្បីរក្សារដ្ឋាភិបាលឱ្យនៅដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។ សមាជិកគណបក្សប្រជាធិបតេយ្យបានអះអាងថាសេចក្តីស្នើច្បាប់ចំណាយណាមួយគួរតែរួមបញ្ចូលបទប្បញ្ញត្តិដើម្បីពង្រីកការគ្របដណ្តប់លើការថែទាំសុខភាព។
គណបក្សសាធារណរដ្ឋ អះអាងថា បទប្បញ្ញត្តិទាក់ទងនឹងការថែទាំសុខភាពគួរតែត្រូវបានដោះស្រាយដាច់ដោយឡែក ជាផ្នែកនៃការចរចាសម្រាប់កញ្ចប់ចំណាយដ៏ទូលំទូលាយ។ ខណៈសមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រង៥៣អាសនៈនៅក្នុងព្រឹទ្ធសភាដែលមានសមាជិក១០០រូប យ៉ាងហោចណាស់សមាជិកសភា៦០រូប ត្រូវតែអនុម័តសេចក្តីស្នើច្បាប់ចំណាយនៅក្នុងសភាជាន់ខ្ពស់។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោកចន ធ្យូន(John Thune) និងមេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាគណពក្សប្រជាធិបតេយ្យលោក Chuck Schumer បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំង។