នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) បានគូសបញ្ជាក់អំពីរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកទៅកាន់សភា ខណៈប្រទេសសេដ្ឋកិច្ចដ៏ធំទី២ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវប្រឈមជាមួយបញ្ហាធំៗជាច្រើនៗ។
លោក Anutin ត្រូវដោះស្រាយបន្ទុកធំៗរបស់ប្រទេស ដែលរួមមានការចំណាយខ្ពស់ ចំពោះតម្លៃនៃការរស់នៅ បំណុលគ្រួសារ និងវិស័យទេសចរណ៍ ក្នុងស្រុក ស្របពេលដែលថៃ ឥឡូវនេះ កំពុងប្រឈមនឹងបញ្ហាពន្ធរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារឡើងខ្ពស់ តម្រូវការប្រើប្រាស់ខ្សោយ និងតម្លៃប្រាក់បាតឡើងខ្ពស់។
តែអ្វីដែលសំខាន់នោះ គឺថា រដ្ឋាភិបាលរបស់លោក Anutin មានឱកាសពេលវេលាតិចណាស់ ក្នុងការអនុវត្តវិធានការរបស់ខ្លួន ដោយនាយករដ្ឋមន្ត្រីរូបនេះ កាលពីសប្តាហ៍មុនបានប្រកាសថា លោកគ្រោងនឹងរំលាយសភា នៅចុងខែមករា ដែលនាំទៅដល់ការបោះឆ្នោតសកល នៅខែមីនា ឬដើមខែមេសា។
បើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី២៨ កញ្ញា) បានបង្ហាញថា ប្រជាប្រិយភាពរបស់លោក Anutin នៅពីក្រោមមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ គឺលោក Natthaphong Ruengpanyawut។
យោងតាមទីភ្នាក់ងារផែនការរដ្ឋរបស់ប្រទេសនេះ បានឲ្យដឹងថា បន្ទាប់ពីមានកំណើនខ្សោយជាងដៃគូ ក្នុងតំបន់ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើនចន្លោះ ១,៨ភាគរយ និង ២,៣ភាគរយ នៅឆ្នាំនេះ ដោយមានការរំពឹងទុកនូវការធ្លាក់ចុះនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៥ ដោយសារតែអត្រាពន្ធរបស់សហរដ្ឋអាមេរិក៕