បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី៣១ ខែមករានេះបានបង្ហាញបញ្ជីឈ្មោះកីឡាករ ៧៤នាក់ដែលត្រូវបានកោះហៅធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ ដើម្បីត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។
សម្រាប់កីឡាករដែលត្រូវបានកោះហៅរួមមានកីឡាករព្រះខ័នរាជស្វាយរៀង ៦នាក់, ភ្នំពេញក្រោន ៦នាក់, កងយោធពលខេមរភូមិន្ទ ៦នាក់, វិសាខា ៧នាក់, ព្រៃវែង ៨នាក់, បឹងកេត ៩នាក់, គិរីវង់សុខសែនជ័យ ៤នាក់, អគ្គិសនីកម្ពុជា ៤នាក់, សាលាបាល់ទាត់ជាតិបាទី ៣នាក់, នគរបាលជាតិ ២នាក់, ណាហ្គាវើលដ៏ ២នាក់, សូលទីឡូអង្គរ ២នាក់, អាស៊ីអឺរ៉ុប ២នាក់, ISI ដង្កោសែនជ័យ ២នាក់, ខេត្តត្បូងឃ្មុំ ២នាក់, កោះកុងអេហ្វស៊ី ២នាក់ និងសៀមរាប ២នាក់។ តាមការគ្រោងទុកកីឡាករដែលស្ថិតក្នុងបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជានេះនឹងត្រូវធ្វើការហ្វឹកហាត់តេស្ដដំណាក់កាលទី១ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ខាងមុខ ដើម្បីចម្រាញ់កីឡាករឆ្នើមៗត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2022 នាពេលខាងមុខ។
គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕ អត្ថបទ៖ លី ឈុនឡា

