មនុស្ស ១២នាក់ បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយព្យុះទីហ្វុង Bualoi វាយប្រហារប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ ក្នុងនោះ ផ្ទះសម្បែងរងការខូចខាត ហើយចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ ក្រោយពេលព្យុះនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានការជន់លិច មុនពេលវាថមថយកម្លាំងទៅវិញ ពេលវាបោកបក់ឆ្ពោះទៅកាន់ប្រទេសឡាវ ។
លោក Nguyen Tuan Vinh គឺជាពលរដ្ឋវ័យ ៤៥ឆ្នាំមួយរូបរស់នៅក្នុងខេត្ត Nghe An និយាយពេលលោកបោសសម្អាតកម្ទេចកម្ទីថា លោកធ្លាប់ជួបព្យុះច្រើនលើកណាស់មកហើយ ប៉ុន្តែព្យុះលើកនេះ ស្ថិតក្នុងចំណោមព្យុះមានកម្លាំងខ្យល់បោកបក់ខ្លាំងបំផុតដែលលោកពុំធ្លាប់បានជួបនោះទេកាលពីមុន ពីព្រោះថា វាពិតជាមានខ្យល់បក់ខ្លាំងក្លាណាស់ ។
ចំណែកឯលោក Ho Van Quynh គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងខេត្ត Nghe An និយាយថា លោកភ្ញាក់ពេញមួយយប់ ដោយព្រួយបារម្ភថាទ្វារផ្ទះរបស់លោកនឹងរបើកដោយសារខ្យល់បក់ខ្លាំង ពេលដែលព្យុះបោកបក់ឆ្លងកាត់ ។
លោកបន្តថា នៅក្នុងប្លុងអគារផ្ទះល្វែងរបស់លោក ពលរដ្ឋភាគច្រើនពុំបានដេកពួននោះទេ ដោយសារពួកគេត្រូវទប់ទ្វារ ។ អំឡុងពេលព្យុះទីហ្វុងលើកមុន ពួកយើងពុំបានចាត់វិធានការបែបនេះនោះទេ ប៉ុន្តែលើកនេះ បើសិនជាពួកយើងពុំបានទប់ទ្វារផ្ទះទេនោះ ខ្យល់នឹងបក់ប៉ើងទ្វារទៅអស់ លោកបានព្យាយាមទប់ទ្វារពេញមួយយប់ ។
ទីភ្នាក់ងារឧតុនិយមវៀតណាម និយាយថា គិតត្រឹមវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះ ព្យុះបានបោកបក់ឆ្លងកាត់ផុតខេត្ត Nghe An ឆ្ពោះទៅកាន់ប្រទេសឡាវ ជាមួយកម្លាំងខ្យល់បក់ធ្លាក់ចុះ មកនៅត្រឹម ៧៤គ.មក្នុង ១ម៉ោង ពីកម្លាំងខ្យល់បក់ ១១៧គ.ម ក្នុង ១ម៉ោង ពេលដែលវាបោកបក់ដល់ដីគោក ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មកទល់នឹងពេលនេះ ព្យុះ Bualoi បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ២៤៥ខ្នង ជន់លិចដីស្រែ-ចម្ការ ១.៤០០ហិចតា និងកាត់ផ្តាច់ផ្លូវចូលទៅកាន់តំបន់ជាច្រើន ៕