អ្នកនាំពាក្យរបស់សម្ព័ន្ធការពារជាតិ បានឲ្យដឹងថា អង្គការណាតូ (NATO) បាន «បង្កើនការប្រុងប្រយ័ត្ន» នៅក្នុងតំបន់បាល់ទិក បន្ទាប់ពីមាននូវអ្វីដែលទីក្រុង Copenhagen (កូប៉ិនហាក) ហៅថា ការឈ្លានពានដោយយានដ្រូនចូលទៅក្នុងដែនអាកាសរបស់ដាណឺម៉ាក។
វិធានការពង្រឹងទាំងនេះ «រួមមានការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ និងយ៉ាងហោចណាស់នាវាចម្បាំងការពារដែនអាកាសមួយគ្រឿង» នៅក្នុងតំបន់ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសម្ព័ន្ធភាព លោក Martin O'Donnell ដែលបាននិយាយនៅឯសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ (ទី២៨ ខែកញ្ញា)។
លោក O'Donnell បានបញ្ជាក់ថា មន្ត្រីសំខាន់ៗរបស់អង្គការណាតូ «បានទាក់ទងឥតឈប់ឈរជាមួយមេដឹកនាំប្រទេសដាណឺម៉ាក» អំពីឧប្បត្តិហេតុយានដ្រូន ដែលជាការរំលោភបំពានជាបន្តបន្ទាប់លើដែនអាកាសនៃប្រទេសសមាជិកសម្ព័ន្ធមិត្តមួយនេះ។
គួរបញ្ជាក់ថា ការមើលឃើញយានដ្រូនអាថ៌កំបាំង នៅកន្លែងផ្សេងៗនៃប្រទេសដាណឺម៉ាក និងន័រវែស ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍កន្លងទៅ បានជំរុញឲ្យមានការបិទអាកាសយានដ្ឋានជាច្រើន ដោយដាណឺម៉ាកបានលើកឡើងអំពីលទ្ធភាពនៃការពាក់ព័ន្ធរបស់រុស្ស៊ី។ ហើយប្រទេសមួយចំនួនផ្សេងទៀតរបស់អង្គការណាតូ បានឲ្យដឹងថា យន្តហោះចម្បាំង និងយានដ្រូនរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ពួកគេ នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចោទប្រកាន់ទីក្រុងមូស្គូថា កំពុងសាកល្បងសមត្ថភាពរបស់សម្ព័ន្ធភាព។
តែយ៉ាងណាក្ដី កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូ បានច្រានចោលការលើកឡើងណាមួយ ដែលថា ខ្លួននៅពីក្រោយយានដ្រូនទាំងនោះ ហើយរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov កាលពីថ្ងៃសៅរ៍ បានព្រមានថា អង្គការណាតូ នឹងប្រឈមជាមួយ «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់» ប្រសិនបើការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់លោក ត្រូវបានបង្ហាញ៕