កាលពីថ្ងៃអាទិត្យម្សិលមិញ ហ្វូងជនប៉ាឡេស្ទីន បានជួបជុំគ្នានៅផ្ទះបាយស៊ុប ស្ថិតក្នុងទីក្រុង Nuseirat តំបន់ហ្កាហ្សា ពេលដែលពួកគេតម្រង់ជួរកាន់ឆ្នាំងទទេរ រង់ចាំទទួលចំណីអាហារ ។
លោក Abu Ammar Samour គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយថា គ្មានចំណីអាហារនោះទេ គ្មានទឹកនោះទេ ។ ជីវិតពិតជាពិបាកស៊ូទ្រាំខ្លាំងណាស់ នេះគឺជាគ្រោះទុរ្ភិក្សពិតប្រាកដ ។
លោក Sobhia Abu Wazfa គឺជាពលរដ្ឋប៉ាឡេស្ទីននជម្លៀសខ្លួនមួយរូបទៀតនិយាយដែរថា មនុស្សច្រើនណាស់មកផ្ទះបាយស៊ុប ដូចអ្នកដឹងស្រាប់ហើយពីស្ថានភាពលំបាកបែបណានៅតំបន់ហ្កាហ្សា ។
លោកបន្តថា អ្នករាល់គ្នាជម្លៀសខ្លួនពីទីក្រុងហ្កាហ្សា បានមកដល់ទីនេះ ពួកយើងស្ទើតែពុំទទួលបានអ្វីទាល់តែសោះ ដើម្បីចិញ្ចឹមកូនៗរបស់ពួកយើង វាមិនគ្រប់គ្រាន់នោះទេសម្រាប់គ្រួសាររបស់ពួកយើង បរិមាណចំណីអាហារពិតជាពុំមានច្រើននោះទេ ។
ក្រុមតានដានភាពអត់ឃ្លានសកល បាននិយាយថា គ្រោះទុរ្ភិក្សបានកើតមានឡើងនៅតាមទីកន្លែងជាច្រើនក្នុងតំបន់ហ្កាហ្សា ខណៈក្រុមអ្នកជំនាញសិទ្ធិមនុស្សជាច្រើនបញ្ជាក់ថា ការបង្កសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ស្មើនឹងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់មួយនេះ ដោយពួកគេអះអាងថា សង្រ្គាមមួយនេះ គឺជាស្វ័យការពារខ្លួន ។
ខណៈពេលនោះដែរ អង្គការសុខភាពពិភពលោក(WHO) និយាយថា ការឡោមព័ន្ធរបស់យោធាអ៊ីស្រាអែល បណ្តាលឲ្យមានគ្រោះថ្នាក់មនុស្សធម៌នៅទូទាំងតំបន់ហ្កាហ្សា ។ មន្ទីរពេទ្យ ៤កន្លែងនៅទីក្រុងហ្កាហ្សា បានបិទទ្វារក្នុងខែនេះ ស្របពេលដែលមជ្ឈមណ្ឌលកង្វះអាហារូបត្ថម្ភមួយចំនួន បានបិទទ្វារផងដែរ ៕