លទ្ធផលបានបង្ហាញនៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះថា គណបក្សកាន់អំណាចគាំទ្រសហភាពអឺរ៉ុប (EU) របស់ប្រទេសម៉ុលដាវី បាននាំមុខដាច់លើគូប្រជែងដែលមាននិន្នាការគាំទ្ររុស្ស៊ីរបស់ខ្លួន នៅក្នុងការបោះឆ្នោតសភាដ៏សំខាន់មួយ ដោយនេះជាការជួយគាំទ្រលើការប៉ុនប៉ងរបស់ម៉ុលដាវី ក្នុងការចូលរួមជាមួយប្លុកអឺរ៉ុប និងផ្តាច់ចេញពីគន្លងផ្លូវរបស់ទីក្រុងមូស្គូ។

ដោយមានរបាយការណ៍ពីការិយាល័យបោះឆ្នោតស្ទើរតែទាំងអស់ត្រូវបានរាប់ នៅថ្ងៃចន្ទនេះ ទិន្នន័យបោះឆ្នោតបានបង្ហាញថា គណបក្ស PAS ទទួលបានសន្លឹកឆ្នោត ៥០,១ភាគរយ ខណៈដែលបក្សអ្នកស្នេហាជាតិគាំទ្ររុស្ស៊ី (BEP) មាន ២៤,២។ គណបក្ស Alternativa Bloc ឬ BEA ដែលលម្អៀងទៅរុស្ស៊ី បានស្ថិតនៅលេខ៣ តាមពីក្រោយដោយបក្ស Our Party។ គណបក្សស្តាំនិយម Democracy at Home ក៏ទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបង្ហាញខ្លួននៅរដ្ឋសភាផងដែរ។
ការបោះឆ្នោតដ៏តានតឹង កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យគណបក្ស PAS ប្រឈមនឹងគូប្រជែងជាមិត្តរបស់រុស្ស៊ីជាច្រើន ហើយមិនមានដៃគូគាំទ្រអឺរ៉ុបរឹងមាំឡើង។ តែទិន្នន័យនៃការបោះឆ្នោត បង្ហាញថា គណបក្សរបស់លោកស្រីប្រធានាធិបតី Maia Sandu នឹងគ្រប់គ្រងសំឡេងភាគច្រើនប្រហែល ៥៥អាសនៈ ក្នុងចំណោមអាសនៈទាំង ១០១កៅអី ក្នុងសភា។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជម្រើសភូមិសាស្ត្រនយោបាយ សម្រាប់ម៉ុលដាវី នោះគឺ រវាងផ្លូវទៅកាន់ EU ឬត្រលប់យ៉ាងសន្សឹមៗចូលទៅក្នុងគន្លងរបស់ទីក្រុងមូស្គូវិញ៕

