វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ (ទី២៨ ខែកញ្ញា) បានច្រានចោលការគំរាមកំហែងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលថា មន្រ្តីវិមានក្រឹមឡាំងគួរតែដឹងថា កន្លែងទៅជ្រកកោនលាក់ខ្លួនពីគ្រាប់បែកនៅទីណា ដោយនិយាយថា អ៊ុយក្រែនកំពុងចាញ់សង្គ្រាម ហើយបញ្ជាក់ថា ជំហរចរចារកាន់តែអាក្រក់ទៅៗហើយ។
គួរបញ្ជាក់ថា លោក Zelenskyy បាននិយាយទៅកាន់សារព័ត៌មាន Axios ថា មជ្ឈមណ្ឌលអំណាចរបស់រុស្ស៊ី ដូចជាវិមានក្រឹមឡាំងជាដើម គឺជាគោលដៅ នាពេលខាងមុខ ដោយសង្កត់ធ្ងន់ថា មន្ត្រីវិមានក្រឹមឡាំង «ត្រូវតែដឹងថា កន្លែងលាក់ខ្លួនពីការទម្លាក់គ្រាប់បែកនៅទីណា»។

ក្រោយមានការនិយាយបែបនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «លោក Zelenskyy កំពុងព្យាយាមបង្ហាញដល់ប្រជាជនអឺរ៉ុបថា លោកគឺជាទាហានដ៏ក្លាហានម្នាក់»។ លោក Peskov បានបន្ថែមថា៖ «តែក្នុងពេលជាមួយគ្នា ស្ថានភាព នៅសមរភូមិជួរមុខ បង្ហាញពីភាពផ្ទុយគ្នា។ ជារៀងរាល់ថ្ងៃ ស្ថានការណ៍ សម្រាប់អ៊ុយក្រែនកាន់តែអាក្រក់ទៅៗជាលំដាប់។ ហើយជារៀងរាល់ថ្ងៃ គោលជំហរចរចារបស់អ៊ុយក្រែន គឺកាន់តែអាក្រក់ខ្លាំងទៅៗជាលំដាប់ផងដែរ»។
បើយោងតាមគម្រោងផែនទី DeepState ដែលគាំទ្រអ៊ុយក្រែន បានបង្ហាញថា រុស្ស៊ីគ្រប់គ្រងលើផ្ទៃដី ១១៤.៩១៨គីឡូម៉ែត្រការ៉េ ឬប្រហែល ១៩ភាគរយនៃប្រទេសអ៊ុយក្រែន ហើយបានកាន់កាប់ដែនដីអ៊ុយក្រែន ៤.៧២៩គីឡូម៉ែត្រការ៉េកាលពីឆ្នាំមុន។
នៅពេលត្រូវបានសួរដោយផ្ទាល់ដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំងរបស់ទូរទស្សន៍រដ្ឋ គឺលោក Pavel Zarubin ថា តើវិមានក្រឹមឡាំងនឹងឆ្លើយតបយ៉ាងដូចម្ដេច ចំពោះការវាយប្រហារលើមជ្ឈមណ្ឌលអំណាចរុស្ស៊ីនោះ លោក Peskov បាននិយាយថា «វាគឺជាប្រធានបទមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ»៕
