នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវដល់គណបក្សរបស់លោក កាលពីថ្ងៃអាទិត្យឲ្យបញ្ឈប់ «ការសម្លឹងមើលតែបញ្ហាផ្ទាល់ខ្លួន» និងរួបរួមគ្នា ដើម្បីជម្នះលើក្រុម Reform UK ដោយចោទប្រកាន់គណបក្សប្រជានិយមមួយនេះថា គ្រោងនឹងចាប់ផ្តើម «គោលនយោបាយប្រកាន់ពូជសាសន៍» ដោយការនិរទេសទ្រង់ទ្រាយធំ ប្រសិនបើខ្លួនទទួលបានអំណាច។
លោក Starmer ដែលគណបក្សការងាររបស់លោក នៅពីក្រោយបក្ស Reform UK ក្នុងការបោះឆ្នោត បានចាប់ផ្ដើមសន្និសីទប្រចាំឆ្នាំរបស់គណបក្ស ដោយប្រាប់ឲ្យសមាជិករបស់គណបក្សបង្វែរកំហឹងរបស់ពួកគេទៅកាន់ក្រុមធ្វើយុទ្ធនាការ Brexit (ការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប) គឺ Reform UK របស់លោក Nigel Farage ជាជាងតម្រង់មកកាន់តែការដឹកនាំរបស់លោក។
លោក បានប្រាប់សារព័ត៌មាន BBC ថា៖ «ខ្ញុំកំពុងនិយាយថា ពួកយើងមានបញ្ហាប្រឈមខ្លាំង នៅពីមុខយើង ពីព្រោះយើងត្រូវទប់ទល់ជាមួយក្រុម Reform UK។ យើងត្រូវតែយកឈ្នះ ហើយឥឡូវនេះមិនមែនជាពេលវេលាមកត្រួតពិនិត្យ ឬសម្លឹងមើលតែបញ្ហាផ្ទាល់ខ្លួននោះទេ។ យើងត្រូវតែរួមគ្នាតស៊ូ»។

ដោយគណបក្សការងាររបស់លោក Starmer ស្ថិតនៅឆ្ងាយពីក្រោយគូប្រជែង នៅក្នុងការស្ទង់មតិ មុនការបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២៩ នាយករដ្ឋមន្ត្រីអង់គ្លេសចង់កំណត់ឡើងវិញនូវការរៀបរាប់ អំពីការដឹកនាំរបស់លោក បន្ទាប់ពីមានការលំបាកជាច្រើនសប្តាហ៍ នៅពេលដែលលោក ត្រូវបានបង្ខំឲ្យរុះរើរដ្ឋាភិបាលរបស់លោក។
លោក Starmer បានការពារកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោក ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលជាកង្វល់ចម្បងមួយរបស់អ្នកបោះឆ្នោតអង់គ្លេស ដោយពណ៌នាអំពីផែនការរបស់លោក Farage ក្នុងការនិរទេសជនភៀសខ្លួន ដែលបានតាំងទីលំនៅក្នុងប្រទេសអង់គ្លេសថា ជាវិធានការ «ប្រកាន់ពូជសាសន៍»៕
