នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសស៊ុយអែតនឹងគាំទ្រដាណឺម៉ាក ជាមួយនឹងសមត្ថភាពប្រឆាំងយានដ្រូនផ្នែកយោធា ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល នៅទីក្រុង Copenhagen ក្នុងសប្តាហ៍នេះ បន្ទាប់ពីការប្រទះឃើញយានដ្រូន កាលពីសប្តាហ៍មុន បានបង្ខំឲ្យដាណឺម៉ាកបិទព្រលានយន្តហោះមួយចំនួន។
ដាណឺម៉ាកនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ ដែលត្រូវបន្តដោយកិច្ចប្រជុំកំពូលនាថ្ងៃព្រហស្បតិ៍នៃសហគមន៍នយោបាយអឺរ៉ុបដ៏ធំដែលមានសមាជិក ៤៧ប្រទេស ហើយបានបញ្ជាក់រួចហើយថា ខ្លួនបានបង្កើនសន្តិសុខ ជុំវិញព្រឹត្តិការណ៍ទាំងនេះ បន្ទាប់ពីមានការលុកលុយដោយយានដ្រូន។

លោក Kristersson បានលើកឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា ស៊ុយអែតនឹងបញ្ជូនប្រព័ន្ធ Counter UAS ហើយបន្ថែមថា កាលពីថ្ងៃអាទិត្យ ប្រទេសរបស់លោកក៏បានដឹកជញ្ជូនដាច់ដោយឡែកនូវប្រព័ន្ធរ៉ាដា «មួយចំនួនតូច» ទៅកាន់ប្រទេសដាណឺម៉ាកផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រទេសដាណឺម៉ាកបានបញ្ជាឲ្យហាមឃាត់កុំឲ្យមានការបង្ហោះយានដ្រូនរបស់ជនស៊ីវិល បន្ទាប់ពីយានដ្រូនជាច្រើនគ្រឿងត្រូវបានប្រទះឃើញ នៅឯមូលដ្ឋានយោធា នាពេលយប់៕
