រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោកស្រី Yvette Cooper និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការបង្ករឿងដ៏ធ្វេសប្រហែស និងគ្រោះថ្នាក់ ។
ថ្លែងអំឡុងសន្និសីទគណបក្សពលកម្មអង់គ្លេសនៅទីក្រុង Liverpool លោកស្រី Cooper និយាយថា ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy និងសហរដ្ឋអាមេរិក អំពាវនាវឲ្យមានសន្តិភាព ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បែរជាព្យាយាមស្វែងរកការបង្កើនសង្រ្គាមទៅវិញ ។
លោកស្រីថា នេះគឺជាប្រទេសអធិបតេយ្យភាព ស្ថិតក្រោមការវាយប្រហារដោយពុំបានបង្កហេតុមុននៅអឺរ៉ុប ។ កុមារអ៊ុយក្រែនរាប់ម៉ឺននាក់ ត្រូវបានចាប់ពង្រាត់ ត្រូវបានលួចចេញពីឪពុកម្តាយរបស់ពួកគេ ។ ពួកយើងបានមើលឃើញការវាយប្រហារកើនឡើង រួមទាំងយានដ្រូនជាង ៦០០គ្រឿង ហើយមីស៊ីលមានគោលដៅលើជនស៊ីវិលកាលពីចុងសប្តាហ៍នេះ ។
លោកស្រីបន្តថា ប៉ុន្តែលោក Putin គួរតែដឹងចាប់ពីពេលឥឡូវនេះទៅថា លោកមិនត្រូវមើលស្រាលការតស៊ូរបស់ពលរដ្ឋអ៊ុយក្រែន ឬការប្តេជ្ញាចិត្តរបស់មិត្តពួកគេនោះឡើយ ។
សូមបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន និងមីស៊ីលលើទីក្រុងគីវ និងតំបន់ដទៃទៀតរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ៕