នៅថ្ងៃចន្ទនេះ តុលាការចិន បានកាត់ទោសប្រហារជីវិតសមាជិក ១៦នាក់របស់គ្រួសារគ្រប់គ្រងក្រុមឧក្រិដ្ឋជនដែលបានបង្កើតមជ្ឈមណ្ឌលឆបោកស្លាប់មនុស្សនៅតំបន់ Kokang របស់មីយ៉ាន់ម៉ា ជាប់ព្រំដែនចិន នៅក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ។
មជ្ឈមណ្ឌលឆបោក បានរីកដុះដាលខ្លាំងនៅតាមតំបន់ព្រំដែនគ្មានច្បាប់របស់មីយ៉ាន់ម៉ា ផ្តល់បុគ្គលិកដោយជនបរទេស ដែលភាគច្រើននៃពួកគេគឺជាជនជាតិចិនដែលនិយាយថា ពួកគេត្រូវបានជួញដូរខុសច្បាប់ និងបង្ខំឲ្យបោកប្រាស់មនុស្សតាមអនឡាញដែលជាផ្នែកមួយនៃឧស្សាហកម្មខុសច្បាប់ប្រាក់វាល់ពាន់លានដុល្លារ ។
ចិនបានបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីបង្រ្កាបទីតាំងឆបោក ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសចិនវិញ ។
តុលាការប្រជាជនចិនថ្នាក់តំបន់នៅក្រុងវិនចូវ បាននិយាយនាថ្ងៃចន្ទនេះថា អង្គការឧក្រិដ្ឋកម្មគ្រប់គ្រងដោយគ្រួសារ បានចូលរួមអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរគ្រឿងញៀនខុសច្បាប់ រៀបចំអំពើពេស្យាចារ បង្កើតកាស៊ីណូ និងឧក្រិដ្ឋកម្មដទៃជាច្រើនទៀត ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ។
តុលាការបន្តទៀតថា ក្រុមមួយនេះ បានសម្លាប់មនុស្ស ១៤នាក់ រួមទាំងមនុស្ស ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោកដែលព្យាយាមរត់គេចចេញពីក្រុម ឬមិនគោរពការគ្រប់គ្រងរបស់ពួកគេ ៕