អំឡុងពេលថ្លែងទៅកាន់វេទិកាសន្តិសុខទីក្រុងវ៉ាសូវី (Warsaw Security Forum) ដែលជាសន្និសីទសន្តិសុខប្រចាំឆ្នាំឈានមុខគេមួយរបស់អឺរ៉ុប តាមរយៈវីដេអូអនឡាញ នៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា យានដ្រូន បច្ចុប្បន្ន តំណាងឲ្យការគំរាមកំហែងចម្បង មិនត្រឹមតែចំពោះប្រទេសនៅប៉ែកខាងកើតរបស់អង្គការណាតូ (NATO) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅអឺរ៉ុបខាងជើងផងដែរ។
បន្ថែមពីលើការលុកលុយដោយយានដ្រូនរបស់រុស្ស៊ី ចូលទៅក្នុងដែនអាកាសប៉ូឡូញ និងរ៉ូម៉ានី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឧប្បត្តិហេតុយានដ្រូនមួយចំនួនត្រូវបានរាយការណ៍ដោយប្រទេសណាតូផ្សេងទៀត ដែលរួមមានហូឡង់ ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ដែលត្រូវបានគេសង្ស័យថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រ «សង្រ្គាមកូនកាត់» របស់រុស្ស៊ី។
លោក Zelenskyy បានប្រាប់វេទិកានេះថា «រុស្ស៊ីកំពុងសាកល្បងថា តើខ្លួនអាចទៅបានឆ្ងាយប៉ុណ្ណា» ហើយបានលោកបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយដៃគូអឺរ៉ុប។
លោក Zelenskyy បានឲ្យដឹងទៀតថា «អ៊ុយក្រែនអាចទប់ទល់នឹងយានដ្រូន និងមីស៊ីលគ្រប់ប្រភេទរបស់រុស្ស៊ី» ដោយស្នើឲ្យមានគំនិតផ្តួចផ្តើមការពារយានដ្រូនរួមគ្នារបស់អឺរ៉ុប។ ហើយមេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើរុស្ស៊ីបាត់បង់សមត្ថភាពក្នុងការវាយប្រហារលើអាកាសនោះ ប្រទេសនេះនឹងមិនអាចបន្តសង្រ្គាម (នៅអ៊ុយក្រែ) បានឡើយ។ ហើយមានភស្តុតាងកាន់តែច្រើន ដែលថា រុស្ស៊ីអាចនឹងប្រើនាវាដឹកប្រេង នៅសមុទ្របាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន»។
ជាមួយគ្នានេះ លោកបានបន្តអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី ជាពិសេសសំដៅលើកងនាវាស្រមោលរបស់ប្រទេសនេះ នៅក្នុងកញ្ចប់វិធានការទី១៩ ដែលត្រូវបានរំពឹងទុករបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ៕