នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយនៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះថា ប្រទេសរុស្ស៊ីទំនងជានៅពីក្រោយយនដ្រូនដ៏អាថ៌កំបាំង ដែលហោះនៅអាកាសយានដ្ឋានរបស់ប្រទេសអនុតំបន់អឺរ៉ុបខាងជើងជាច្រើន នៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុង Copenhagen។
គួរបញ្ជាក់ថា ការមើលឃើញដោយយានដ្រូន នៅកន្លែងផ្សេងៗរបស់ប្រទេសន័រវែស និងដាណឺម៉ាក ជាពិសេស ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា បានជំរុញឲ្យមានការបិទព្រលានយន្តហោះមួយចំនួន។
អំឡុងពេលនិយាយទៅកាន់ទូរទស្សន៍ TV4 លោក Kristersson បានប្រាប់ថា «លទ្ធភាពនៃករណីនេះ ដែលថា រុស្ស៊ីចង់ផ្ញើសារទៅកាន់ប្រទេសដែលគាំទ្រអ៊ុយក្រែន គឺខ្ពស់ណាស់» ប៉ុន្តែបានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់ ពិតជាបានដឹងនោះទេ»។
លោកបានបន្តថា «យើងមានការបញ្ជាក់» ថា យានដ្រូនដែលចូលដែនអាកាសប៉ូឡូញ កាលពីដើមខែកញ្ញា គឺជារបស់រុស្ស៊ី។ លោកបានបន្ថែមថា៖ «អ្វីគ្រប់យ៉ាងសំដៅទៅលើ (រុស្ស៊ី) ប៉ុន្តែគ្រប់ប្រទេសទាំងអស់មានការប្រុងប្រយ័ត្នមិនចង់ចង្អុលទៅប្រទេសណាមួយ ប្រសិនបើពួកគេមិនមានភាពប្រាកដប្រជា។ តែនៅប្រទេសប៉ូឡូញ យើងដឹងថា វាជាអ្វី»។
គួរដឹងបន្ថែមថា យានដ្រូនក៏ត្រូវបានគេសង្កេតឃើញនៅលើទីតាំងយោធាដាណឺម៉ាកផងដែរ កាលពីយប់ថ្ងៃសៅរ៍ចុងបសប្ដាហ៍កន្លងមក ដែលជារយៈពេល ២ថ្ងៃជាប់គ្នា។ ទីក្រុង Copenhagen នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល EU នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
ដើម្បីធានាសុវត្ថិភាព ចំពោះកិច្ចប្រជុំកំពូលនេះ ដាណឺម៉ាក កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ខ្លួនកំពុងបិទដែនអាកាសមិនឲ្យមានការបង្ហោះយានដ្រូនស៊ីវិលទាំងអស់ រហូតដល់ថ្ងៃសុក្រ ក្នុងគោលបំណង ដើម្បីកុំឲ្យយានដ្រូនរបស់សត្រូវត្រូវបានច្រឡំជាមួយយានដ្រូនស្របច្បាប់។ ការបំពានអាចនាំទៅដល់ការផាកពិន័យ ឬជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ៕