នៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះ ហុងគ្រីបានប្រាប់ឲ្យដឹងថា ខ្លួនកំពុងបិទការចូលទៅកាន់គេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះដោយទីក្រុងគីវ ដែលធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ឡើង រវាងប្រទេសជិតខាងទាំង២ ដែលជួបនឹងភាពអាប់អួ ក្នុងអំឡុងពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
កាលពីដើមខែនេះ អ៊ុយក្រែនបានបិទគេហទំព័រជាច្រើនដែលត្រូវបានចាត់ទុកថា មានទស្សនៈគាំទ្ររុស្ស៊ីតាមសំណើរបស់សេវាសន្តិសុខ។ ចំណាត់ការនេះបានរួមបញ្ចូលទាំងគេហទំព័រជាភាសាហុងគ្រីចំនួន ៨ផងដែរ ក្នុងចំណោមនោះ មានគេហទំព័រព័ត៌មានគាំទ្ររដ្ឋាភិបាលដ៏ពេញនិយម គឺ origo.hu។
នាយសេនាធិការរបស់លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban គឺលោក Gergely Gulyas បានឲ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គម Facebook នាថ្ងៃចន្ទនេះថា៖ «ប្រទេសដែលមានអធិបតេយ្យភាពត្រូវតែផ្តល់ការឆ្លើយតបសមាមាត្រទៅនឹងការវាយប្រហារដែលមិនសមហេតុផលទាំងស្រុង»។
គេហទំព័រភាគច្រើនដែលត្រូវបានកំណត់គោលដៅដោយហុងគ្រី ត្រូវបានអានយ៉ាងទូលំទូលាយនៅអ៊ុយក្រែន។ មួយក្នុងចំណោមនោះ គឺ European Pravda ដែលតាមដានយ៉ាងដិតដល់នូវសេចក្តីប្រាថ្នាចង់ចូលសហភាពអឺរ៉ុបរបស់អ៊ុយក្រែន និងកិច្ចប្រឹងប្រែងរបស់ហុងគ្រី ក្នុងការរារាំងដំណើរការនោះ៕