នៅថ្ងៃចន្ទនេះ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សា ដោយជំរុញឲ្យអ្នកស្រុកជម្លៀសខ្លួនចេញ ស្របពេលដែលកងកម្លាំងពួកគេរុលទៅមុខកាន់តែជ្រៅ ។
ខិត្តប័ណ្ណទាំងនេះ ត្រូវបានទម្លាក់ពីលើអាកាស បញ្ជាឲ្យជនស៊ីវិលផ្លាស់ទីទៅកាន់តំបន់ភាគខាងត្បូងជាបន្ទាន់ ។
ប៉ុន្តែសម្រាប់ជនប៉ាឡេស្ទីនមួយចំនួនដូចជារូបលោក Khaled al-Bana និយាយថា ពួកគេនឹងមិនចាកចេញនោះទេ ។
លោកថា លោកនឹងមិនចាកចេញពីទីក្រុងហ្កាហ្សានោះទេ សូម្បីតែសាកសពរបស់លោក ។ កាលពីថ្ងៃម្សិលមិញ ពួកគេបានទម្លាក់ខិត្តប័ណ្ណតែមួយ ។ តើមនុស្សត្រូវធ្វើអ្វីទៅ? ពួកគេពុំដឹងនោះទេ មនុស្សត្រូវបានគេប្រមាថអាយុជីវិតនៅក្នុងសង្រ្គាមមួយនេះ ហើយពួកគេបាត់បង់សេចក្តីថ្លៃថ្នូរអស់រលីងទៅហើយ ។
អ៊ីស្រាអែល បានបើកការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទ្រង់ទ្រាយធំបំផុតនៃសង្រ្គាមរបស់ពួកគេក្នុងខែនេះ លើទីក្រុងហ្កាហ្សា ជាទីដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកមានបំណងបោសសម្អាតក្រុមហាម៉ាសឲ្យអស់ ។
រថក្រោះអ៊ីស្រាអែលរុលចូលកាន់តែជ្រៅទៅជិតកណ្តាលទីក្រុងហ្កាហ្សានាថ្ងៃចន្ទនេះ ជាការបង្កើនការវាយប្រហារតាមជើងគោករបស់ពួកគេ រយៈពេលប៉ុន្មានម៉ោង មុនជំនួបរវាងលោក Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបាននិយាយបង្ហើបឲ្យដឹងពីការទម្លុះភាពទាល់ច្រកផ្នែកការទូត ដើម្បីបញ្ចប់សង្រ្គាមមួយនេះ ។
មនុស្សរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា បើទោះបីជាពួកគេមួយជំនួននិយាយថា គ្មានកន្លែងត្រូវទៅក៏ដោយ ។ អ៊ីស្រាអែលនិយាយប្រាប់ពួកគេឲ្យធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ជាទីដែលទីក្រុងជាច្រើន ត្រូវបានកម្ទេចចោលគ្មានសេសសល់ទៅហើយ ៕