ផែនការសន្តិភាព ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទ (២៩ កញ្ញា) ដើម្បីបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានដាក់បញ្ជូលតួនាទីដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងតំបន់ហ្កាហ្សាក្រោយសង្គ្រាម សម្រាប់ឥស្សរជននយោបាយដ៏ល្បីល្បាញ ២រូប គឺអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
សំណើនេះនិយាយថា "ហ្កាហ្សា នឹងត្រូវគ្រប់គ្រងក្រោមអភិបាលកិច្ចបណ្តោះអាសន្ននៃគណៈកម្មាធិការប៉ាឡេស្ទីនបច្ចេកទេស និងនយោបាយ" ប៉ុន្តែមិនបានដាក់ឈ្មោះបុគ្គល ឬក្រុមប៉ាឡេស្ទីនណាមួយជាក់លាក់ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះទេ។
ក្រុមប្រឹក្សានេះនឹងត្រូវត្រួតពិនិត្យដោយស្ថាប័នអន្តរកាលអន្តរជាតិថ្មីមួយហៅថា "ក្រុមប្រឹក្សាសន្តិភាព" ដែលនឹងត្រូវដឹកនាំដោយលោក Trump ផ្ទាល់ ហើយនឹងរួមបញ្ចូលប្រមុខរដ្ឋ និងសមាជិកផ្សេងទៀតរួមទាំងលោក Blair ផងដែរ។
គណៈកម្មាធិការនេះនឹងទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងសេវាប្រចាំតំបន់នៅហ្កាហ្សា ហើយនឹងត្រូវបង្កើតឡើងដោយ "ជនជាតិប៉ាឡេស្ទីន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកជំនាញអន្តរជាតិ" ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ។ ក្រុមហាម៉ាស នឹងមិនមានតួនាទីក្នុងការគ្រប់គ្រងរបស់ដែនដីហ្កាហ្សាឡើយ។
ស្ថាប័ននេះនឹងដោះស្រាយការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍឡើងវិញនៃតំបន់ហ្កាហ្សា រហូតដល់ពេលដែល "អាជ្ញាធរប៉ាឡេស្ទីនបានបញ្ចប់កម្មវិធីកំណែទម្រង់របស់ខ្លួន" ដោយមិនផ្តល់ពេលវេលាច្បាស់លាស់ទេ។ អាជ្ញាធរប៉ាឡេស្ទីន និងសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសកាន់សាសនាអ៊ិស្លាមជាច្រើន បានស្វាគមន៍យ៉ាងខ្លាំងលើកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សានេះ៕