លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា លោកនឹងដាក់ពន្ធ ១០០% លើខ្សែភាពយន្តផលិតនៅបរទេសទាំងអស់ ដែលបន្ទាប់មកត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដោយបញ្ជាក់ឡើងវិញនូវការគំរាមកំហែងដែលលោកបានធ្វើឡើងតាំងតែពីខែឧសភាមក ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់គំរូអាជីវកម្មសកលរបស់វិស័យភាពយន្តហូលីវូដ។
ជំហានដាក់ពន្ធនេះបានបង្ហាញពីឆន្ទៈរបស់លោក Trump ក្នុងការពង្រីកគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងឧស្សាហកម្មវប្បធម៌ ដោយបង្កើនភាពមិនច្បាស់លាស់សម្រាប់ផលិតកម្មភាពយន្ត ដែលពឹងផ្អែកខ្លាំងលើសហផលិតករឆ្លងព្រំដែន និងប្រាក់ចំណូលពីការចាក់បញ្ចាំងជាអន្តរជាតិ។
ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ពីការដំឡើងពន្ធនេះ លោក Trump បាននិយាយថា "អាជីវកម្មផលិតភាពយន្ដអាមេរិក ត្រូវបានលួចដោយប្រទេសផ្សេងទៀត ដូចជាការលួចស្ករគ្រាប់ពីដៃទារកដូច្នេះដែរ"។ យ៉ាងណាមិញ ភ្លាមៗនេះគេមិនច្បាស់ទេថា តើអំណាចផ្លូវច្បាប់បែបណាដែលលោក Trump នឹងប្រើ ដើម្បីដាក់ពន្ធ ១០០% លើខ្សែភាពយន្តដែលផលិតដោយបរទេសនេះ។
លោកប្រធានាធិបតីអាមេរិករូបនេះធ្លាប់បង្ហើបគំនិតដាក់ពន្ធលើភាពយន្ត ជាលើកដំបូងក្នុងខែឧសភា ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់ ដែលធ្វើឱ្យនាយកប្រតិបត្តិវិស័យកម្សាន្តមិនប្រាកដចិត្តថា តើពន្ធនឹងអនុវត្តចំពោះប្រទេសជាក់លាក់ណាមួយ ឬក៏ដាក់លើការនាំចូលទាំងអស់។ ទិន្នន័យពីសមាគមភាពយន្ត MPA បង្ហាញថា ឧស្សាហកម្មភាពយន្តអាមេរិក បានកត់ត្រាអតិរេកពាណិជ្ជកម្ម ១៥,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយចំនួន ២២,៦ពាន់លានដុល្លារ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕