ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា កងកម្លាំងរុស្ស៊ី កំពុងតែមានជ័យជម្នះលើអ្វីដែលលោកហៅថាជា "សមរភូមិដ៏សុចរិត" នៅអ៊ុយក្រែន។ លោក Putin បានលើកឡើងក្នុងវីដេអូមួយដែលចេញផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំងថា "យុទ្ធជន និងមេបញ្ជាការរបស់រុស្ស៊ី បន្តការវាយប្រហារ ហើយប្រទេសទាំងមូល និងរុស្ស៊ីទាំងអស់ កំពុងតែធ្វើសមរភូមិដ៏សុចរិតនេះ ហើយខិតខំបន្ថែមទៀត"។
លោក "រុស្ស៊ីរួមគ្នាការពារសេចក្តីស្រឡាញ់របស់ខ្លួនចំពោះជាតិមាតុភូមិ និងការរួបរួមនៃជោគវាសនាប្រវត្តិសាស្ត្រ រុស្ស៊ីកំពុងប្រយុទ្ធ ហើយកំពុងមានជ័យជម្នះ"។ គួររម្លឹកថា រុស្ស៊ីបានបើកនូវអ្វីដែលខ្លួនហៅថា "ប្រតិបត្តិការយោធាពិសេស" លើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយនិយាយថា គឺដើម្បីលុបបំបាត់យោធា និងកម្ចាត់ពួកណាហ្ស៊ីចេញប្រទេសជិតខាងមួយនេះ។
សង្គ្រាមហាក់គ្មានទីបញ្ចប់ឡើយ បើទោះជាលោកប្រធានាធិបតីអាមេរិក Donald Trump ប្រឹងប្រែងខាងការទូតដើម្បីបញ្ចប់ជម្លោះក៏ដោយ រួមទាំងកិច្ចប្រជុំកំពូលដាច់ដោយឡែកជាមួយលោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុបដទៃទៀត។ យោងតាមផែនទីប្រភពបើកចំហនៃសមរភូមិបានឱ្យដឹងថា រុស្ស៊ីគ្រប់គ្រងជិត ១១៤.៥០០គីឡូម៉ែត្រក្រឡា ឬ ១៩% នៃអ៊ុយក្រែន រួមទាំងនៅតំបន់គ្រីម៉េ និងផ្នែកសំខាន់នៃទឹកដីនៅភាគខាងកើត និងភាគអាគ្នេយ៍នៃប្រទេស៕