ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមករាដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការបង្ហាត់បង្រៀនរបស់គ្រូបង្វឹកអន្ដរជាតិជនជាតិអង់គ្លេសលោក Russell Stutely។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួម ៣១នាក់មកពីបណ្ដាសមាគម/ក្លិប និងរាជធានី-ខេត្តមួយចំនួនដែលបានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីពេលកន្លងទៅ។ ចំពោះគោលបំណងនៃការរៀបចំវគ្គនេះគឺដើម្បីពង្រឹងសមត្ថភាព និងកម្រិតនៃការបង្ហាត់របស់គ្រូតាមបណ្ដាក្លិបឲ្យមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីតាមបណ្ដាលក្លិប សម្រាប់ត្រៀមចូលរួមការប្រកួតប្រចាំសប្ដាហ៍របស់សហព័ន្ធ ក៏ដូចជាការប្រកួតជើងឯក និងព្រឹត្តិការណ៍ផ្សេងៗរួមទាំងកីឡាជាតិផងដែរ។
អគ្គលេខាធិការសហព័ន្ធដដែលពន្យល់ថា ក្រោមការបង្រៀនរបស់គ្រូឧទ្ទេសមានបទពិសោធន៍ជាង ៤០ឆ្នាំក្នុងវិស័យកីឡាប្រដាល់សកលនេះ គឺសហព័ន្ធចង់សង្កត់ធ្ងន់លើការបង្ហាត់របស់គ្រូបង្វឹក ដោយថ្លឹងថ្លែងឲ្យបានច្បាស់ទៅនឹងស្ថានភាពជាក់ស្ដែងរបស់កីឡាករ ទាំងកម្រិតសមត្ថភាព និងតាក់តិចរបស់ពួកគេដើម្បីឲ្យមានប្រសិទ្ធភាព និងឈានទៅរកភាពរីកចម្រើនឆាប់រហ័ស៕
អត្ថបទ៖ លី ឈុនឡា