យោងតាមការស៊ើបអង្កេតមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទ (២៩ កញ្ញា) បានឱ្យដឹងថា បន្ទាប់ពីការបណ្តេញជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ២០១៧ ចេញពីរដ្ឋរ៉ាឃីន របស់សហភាពមីយ៉ាន់ម៉ា យោធាបានបំផ្លាញភូមិ និងវិហារអ៊ិស្លាម ហើយបានយកដីធ្លីទាំងនោះទៅសាងសង់ឡើងវិញសម្រាប់ធ្វើប៉ុស្តិ៍ការពារសន្តិសុខ។
អំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានកើនឡើងខ្លាំងក្នុងខែសីហា ឆ្នាំ២០១៧ នៅពេលយោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការមួយដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ដោយបណ្តេញមនុស្សរាប់សែននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងរដ្ឋជាប់ឆ្នេរសមុទ្រមួយនេះ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១,៣លាននាក់ ឥឡូវនេះកំពុងរស់នៅក្នុងជំរំដ៏តូចចង្អៀតនៅបង់ក្លាដែស បន្ទាប់ពីប្រតិបត្តិការយោធា ដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជា "ឧទាហរណ៍ក្នុងសៀវភៅអំពីការបោសសម្អាតជនជាតិភាគតិច"។
របាយការណ៍របស់យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា បាននិយាយថា "អាជ្ញាធរមីយ៉ាន់ម៉ាបានបំផ្លាញភូមិ វិហារអ៊ិស្លាម ទីបញ្ចុះសព និងដីស្រែចំការរបស់ជនជាតិរ៉ូហ៊ីងយ៉ាជាប្រព័ន្ធ"។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ របបសឹកមីយ៉ាន់ម៉ាធ្លាប់និយាយថា ខ្លួនមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាឡើយ ក្នុងអំឡុងប្រតិបត្តិការឆ្នាំ២០១៧នោះ ប៉ុន្តែឧក្រិដ្ឋកម្មអាចត្រូវបានធ្វើឡើងក្នុងកម្រិតបុគ្គល៕