អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Duesseldorf ថា អឺរ៉ុប "មិនមានសង្រ្គាមនោះទេ... ប៉ុន្តែលែងមានសន្តិភាព" ជាមួយរុស្ស៊ីទៀតហើយ។
លោក Merz បាននិយាយទៀតថា សង្រ្គាមរបស់រុស្ស៊ី គឺជា "សង្រ្គាមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់អឺរ៉ុប និងជាសង្រ្គាមប្រឆាំងនឹងសេរីភាពរបស់អឺរ៉ុប" ដោយបន្ថែមថា ចេតនារបស់ទីក្រុងមូស្គូ គឺចង់ធ្វើឱ្យខូចដល់ការរួបរួមនៅក្នុងប្លុកនេះ។
លោកក៏បានសំដៅទៅលើការយល់ព្រមនាពេលថ្មីៗនេះរបស់លោក ចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការដកយកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កក ដើម្បីធ្វើហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន ដោយនិយាយថា ជំហាននេះអាចផ្តល់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំបន្ទាប់។ អធិការបតីអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនោះ សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងធ្លាក់ក្នុងស្ថានភាពមិនអាចទ្រាំទ្របានតទៅទៀតក្នុងការបន្តសង្គ្រាមលើអ៊ុយក្រែន។
នៅក្នុងថ្ងៃចន្ទដដែលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា កងកម្លាំងរុស្ស៊ី កំពុងមានជ័យជម្នះលើអ្វីដែលលោកហៅថាជា "សមរភូមិសុចរិត" នៅអ៊ុយក្រែន។ លោក Putin ក៏បានអំពាវនាវឱ្យមានបុរសចំនួន ១៣៥.០០០នាក់ សម្រាប់បម្រើយោធាជាប្រចាំ ដែលជាការជំរុញឱ្យចូលធ្វើទាហាននៅរដូវស្លឹកឈើជ្រុះដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៦មក៕