ប្រធានាធិបតីប្រទេសកោះម៉ាដាហ្គាស្ការ លោក Andry Rajoelina បានរំលាយរដ្ឋាភិបាលរបស់លោក ដើម្បីឆ្លើយតបទៅនឹងមហាបាតុកម្មជុំវិញបញ្ហាកង្វះខាតទឹក និងអគ្គិសនី ដែលបានប្រែក្លាយការតវ៉ាកាន់តែខ្លាំងឡើង ដោយអង្គការសហប្រជាជាតិរាយការណ៍ថាមនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស។
ការតវ៉ា ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងបានបន្តដល់ថ្ងៃច័ន្ទ ត្រូវបានដឹកនាំភាគច្រើនដោយយុវជន ដោយខឹងសម្បារចំពោះស្ថានភាពជីវភាពរស់នៅកាន់តែយ៉ាប់យ៉ឺននៅក្នុងរដ្ឋធានី Antananarivo ។
អ្នកជំនាញនិយាយថា ពួកគេបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចំពោះអាជ្ញាធររបស់ លោក Rajoelina ចាប់តាំងពីការជាប់ឆ្នោតជាថ្មីរបស់លោកនៅក្នុងឆ្នាំ២០២៣ ហើយរលកនៃភាពវឹកវរធំបំផុតរបស់ប្រទេសដីកោះនេះ បានឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។
ហ្វូងមនុស្សបានមកប្រមូលផ្តុំគ្នានៅសកលវិទ្យាល័យធំនៅទីក្រុង Antananarivo កាលពីថ្ងៃច័ន្ទ ដោយមានកាន់បដា និងច្រៀងបទភ្លេងជាតិ មុនពេលព្យាយាមដើរដង្ហែរទៅកាន់កណ្តាលទីក្រុង។
នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ខណៈអាជ្ញាធរបានអនុវត្តបម្រាមគោចរពីព្រលប់រហូតដល់ពេលព្រឹកព្រលឹម ដែលបានធ្វើឡើងតាំងពីសប្តាហ៍មុន។ កងកម្លាំងសន្តិសុខ ក៏បានប្រើគ្រាប់កាំភ្លើងជ័រដើម្បីព្យាយាមបង្ក្រាបភាពវឹកវរនេះ។
ការចូលលួចត្រូវបានគេរាយការណ៍នៅតាមផ្សារទំនើប ហាងលក់សម្ភារៈប្រើប្រាស់ និងធនាគារនៅទូទាំងរដ្ឋធានីដែលមានប្រជាជនចំនួន១,៤លាននាក់។ លំនៅឋានរបស់អ្នកនយោបាយក៏ត្រូវរងការវាយប្រហារក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។