សេតវិមានបាននិយាយថា នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្តែង «ការសោកស្តាយយ៉ាងខ្លាំង» ចំពោះការស្លាប់របស់មន្ត្រីប្រទេសកាតាម្នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើទីក្រុងដូហា។
យោធាអ៊ីស្រាអែល បានធ្វើការវាយលុកតាមអាកាសដាក់គោលដៅលើសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៩ ខែកញ្ញា។ សមាជិកក្រុមហាម៉ាសចំនួន៥នាក់ និងមន្ត្រីកាតាម្នាក់ត្រូវបានសម្លាប់។
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Donald Trump បានរៀបចំការសន្ទនាតាមទូរស័ព្ទត្រីភាគីជាមួយលោក Netanyahu និងនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman bin Jassim Al Thani ។ តាមសេចក្តីរាយការណ៍ លោក Netanyahu បានសម្តែងការសោកស្តាយថា «អ៊ីស្រាអែលបានរំលោភលើដែនអធិបតេយ្យភាពរប់សប្រទេសកាតា និងបានអះអាងថា អ៊ីស្រាអែល នឹងមិនធ្វើការវាយប្រហារបែបនេះម្តងទៀតឡើយនៅពេលអនាគត»។
គេហទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក Axios បានរាយការណ៍កាលពីដើមខែនេះថា «ប្រទេសកាតា ចង់បានការសុំទោសពីអ៊ីស្រាអែលចំពោះការវាយប្រហាររបស់ខ្លួននៅទីក្រុងដូហា មុនពេលខ្លួនបន្តការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្កាហ្សា។