ទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅថ្ងៃអង្គារ (៣០ កញ្ញា) នេះបានបង្ហាញឱ្យឃើញថា ទិន្នផលរោងចក្ររបស់ប្រទេសថៃ បានដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងខែសីហា កន្លងទៅ និងមានភាពទន់ខ្សោយជាងការព្យាករទុកទៅទៀត ដោយសារតែការនាំចេញយឺតយ៉ាវ តួលេខទេសចរណ៍ធ្លាក់ចុះ និងតម្លៃប្រាក់បាត បានដាក់បន្ទុកកាន់តែធ្ងន់លើសេដ្ឋកិច្ចដែលកំពុងដុនដាបរួចទៅហើយ។
ក្រសួងឧស្សាហកម្មថៃ បាននិយាយថា សន្ទស្សន៍នៃការបញ្ជាទិញ ឬហៅថាទិន្នផលរោងចក្រ MPI របស់ប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រា ៤,១៩% នៅក្នុងខែសីហា ធៀបនឹងឆ្នាំមុន។ ក្រសួងនេះបន្តថា កត្តាអវិជ្ជមានរួមមាន ឧស្សាហកម្មរថយន្តទន់ខ្សោយ និងការធ្លាក់ចុះនៃទំនុកចិត្តឧស្សាហកម្ម។
តួលេខនេះទន់ខ្សោយខ្លាំងបើធៀបនឹងការព្យាករពីសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ដែលនិយាយថាអាចធ្លាក់ចុះត្រឹម ២% ប៉ុណ្ណោះ ហើយការអន់ថយនៃទិន្នផលនេះក៏បានកើតឡើងក្រោយការធ្លាក់ចុះប្រចាំឆ្នាំ ៣,៩៨% នៅក្នុងខែកក្កដា។
ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មរបស់ក្រសួងថៃ បានប្រាប់សន្និសីទសារព័ត៌មានថា "តួលេខគួរឱ្យព្រួយបារម្ភណាស់គឺធ្លាក់ចុះដល់ទៅ ៤,១៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន" ដែលនាំឱ្យការព្យាករ MPI របស់ក្រសួងនៅឆ្នាំ២០២៥នេះ នឹងធ្លាក់ចុះក្រោមការព្យាករបច្ចុប្បន្នពីអត្រា ០% ទៅ ០,៥% បន្ថែមទៀត៕