សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រួមទាំងកសិករ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាននានា បានមកជួយជុំគ្នា បើកសិក្ខាសាលា ស្តីពី៖ “ការពង្រឹងផលិតកម្មចិញ្ចឹមសត្វ” នៅកម្ពុជាឱ្យកាន់តែប្រសើរដើម្បីឆ្ពោះទៅការ នាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត។
សិក្ខាសាលានេះ បានធ្វើឡើង នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងក្នុងឱកាសនោះថា លោកសូមការកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងម្ចាស់កសិដ្ឋាននានា ដែលបានប្រឹងអភិវឌ្ឍខ្លួន ដែលភាគច្រើនចាប់តាំងីចិញ្ចឹមលក្ខណៈគ្រួសារ រហូតបានក្លាយជាកសិដ្ឋាន និងក្រុមហ៊ុនធំៗ ដោយបានរីកចម្រើនរហូតមានការនាំចេញ។ ចំណែកសិក្ខាសាលាថ្ងៃនេះ សង្ឃឹមថា ទាំងមន្ត្រីជំនាញ ក្រសួងកសិកម្ម និងអ្នកចិញ្ចឹម សត្វទាំងអស់ នឹងទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗដល់គ្នាទៅវិញទៅមកនៅថ្ងៃនេះ ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនឱ្យកាន់ខ្លាំងជាមួយគ្នា ពិសេសការធានាការផ្គត់ផ្គង់ ការនាំចេញការប្រកួតប្រជែង និងការធ្វើឱ្យកាន់តែមានសុវត្ថិភាពចំណីអាហារ៕ អត្ថបទ៖ ពៅយី








