លោក វ៉្លូឌីមី ហ្សេឡិនស្គី បានរាយការណ៍ថា អាជ្ញាធរអ៊ុយក្រែន គ្រោងនឹងនាំចេញអាវុធប្រភេទមួយចំនួន ដែលខ្លួនមានដ៏ច្រើនក្រៃលែង ដើម្បីរកប្រាក់ទិញអាវុធដែលខ្វះខាត។
លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«យើងបានឈានដល់កិច្ចព្រមព្រៀងរួចហើយនៅលើទិសដៅនាំចេញចំនួន៤ គឺ សហរដ្ឋអាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។ យើងនឹងរៀបចំកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។
យោងតាមលោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែននឹងនាំចេញ «ប្រភេទអាវុធមួយចំនួនដែលមានអតិរេក» ដើម្បីទទួលបានមូលនិធិបន្ថែមសម្រាប់ផលិតអាវុធដែលខ្វះខាត។
ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ដោយដកស្រង់ប្រភព នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែនថា គណៈប្រតិភូមកពីទីក្រុងគីវ បានចាកចេញទៅសហរដ្ឋអាមេរិករួចហើយ ដើម្បីពិភាក្សាអំពីការផលិតយានដ្រូនរួមគ្នា។ ភាគីទាំងពីរ គ្រោងពិភាក្សាគ្នាលើបញ្ហាបច្ចេកទេស៕