អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងមូស្គូបានស្តាប់សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនអំពីការបញ្ជូនមីស៊ីលតម្រង់គោលដៅ Tomahawk ទៅកាន់ទីក្រុងគីវ ហើយកំពុងធ្វើការវិភាគយ៉ាងហ្មត់ចត់។
លោក Peskov បាននិយាយថា៖«យើងបានឮសេចក្តីថ្លែងការណ៍ទាំងនេះ។ យើងកំពុងវិភាគយ៉ាងហ្មត់ ចត់។ អ្នកឯកទេសខាងយោធារបស់យើង កំពុងតាមដានយ៉ាងដិតដល់» ដោយឆ្លើយតបនឹងសំណួរអំពីការវាយតម្លៃរបស់វិមានក្រឹមឡាំងអំពីសេចក្តីថ្លែងការណ៍ទាក់ទងនឹងសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់មីស៊ីល Tomahawk ដល់ទីក្រុងគីវ ក៏ដូចជាលទ្ធភាពដែលវាយប្រហារលើប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលទាំងនេះអាចធ្វើឡើង ដោយមានការយល់ព្រមពីលោក ត្រាំ។
កាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រកាសថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាផ្គត់ផ្គង់មីស៊ីលតម្រង់គោល Tomahawk ដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូ សម្រាប់ការបញ្ជូនបន្តទៅកាន់ទីក្រុងគីវ ដោយលោក ត្រាំ ធ្វើការសម្រេចចិត្តចុងក្រោយ។ ទោះយ៉ាងណា ក្រោយមក លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រចាំប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ថា រដ្ឋបាលអាមេរិក មិនទាន់បញ្ចប់បញ្ហានេះនៅឡើយទេ ដោយបន្ថែមថា ការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើលោកប្រធានាធិបតី ត្រាំ៕