ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលត្រូវគំរាមកំហែងដោយគ្រោះថ្នាក់បម្រែបម្រួលអាកាសធាតុ បានប្រាប់ប្រទេសអ្នកមានទ្រព្យសម្បត្តិ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ថា ពួកគេមិនបានបំពេញសន្យាអាកាសធាតុរបស់ខ្លួនឡើយ ក្នុងការផ្តល់មូលនិធិដល់វិធានការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើទូទាំងពិភពលោក។
ប្រធានាធិបតីនៃប្រជុំកោះ ម៉ាស្ហល់ (Marshall) លោកស្រី Hilda Heine បានប្រាប់មហាសន្និបាតនេះកាលពីសប្តាហ៍មុនថា "ពេលវេលាបានហួសទៅហើយសម្រាប់ពិភពអ្នកមាន ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ និងផ្ដល់ប្រាក់ទៅកន្លែងដែលត្រូវការបំផុត"។ លោកស្រីបន្តថា៖ គ្រប់គ្នាបានឮតែពាក្យសន្យា ប៉ុន្តែមិនមានសកម្មភាពជាក់ស្ដែងសោះ។
ប្រទេសមានទ្រព្យ បានជួបការលំបាកក្នុងការបំពេញតាមសន្យាហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួន។ មូលនិធិរបស់ពួកគេឈានដល់ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាចំនួនទឹកប្រាក់ព្រមព្រៀងគ្នាតាំងតែពីឆ្នាំ២០០៩មក។ នៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២៤ មេដឹកនាំពិភពលោកបានយល់ព្រមផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣៥។
យ៉ាងណាមិញ ប្រទេសកំពុងអភិវឌ្ឍជាច្រើនបានរិះគន់ទឹកប្រាក់នេះថាតិចពេកហើយ ពិបាកបំពេញតាមតម្រូវការ។ អ្នកជំនាញបានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍត្រូវការយ៉ាងហោចណាស់ ១សែនកោដិដុល្លារ ជារៀងរាល់ឆ្នាំនៅចុងទសវត្សរ៍នេះ ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ៕