បាល់ទាត់៖ ទីបំផុតអតីតខ្សែបម្រើ Tottenham Hotspur, Christian Eriksen រកទ្រនំថ្មីឃើញហើយតាំងពីដួលសន្លប់ អំឡុងការប្រកួតឱ្យក្រុមជំរើសជាតិដាណឺម៉ាកនៅ Euro ២០២០។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ខែលេងឱ្យក្លិបអង់គ្លេស Brentford។
Christian Eriksen ជាសមាជិករបស់ក្រុម Inter Milan ដែលឈ្នះជើងឯកអ៊ីតាលី Serie A តែបានព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយ Inter Milan មុនពេលកំណត់បន្ទាប់ពីត្រូវបាន Serie A បញ្ចាក់ថា គេមិនអាចលេងនៅក្របខណ្ឌកំពូលអ៊ីតាលីបាន ជាមួយនឹងបញ្ហាសុខភាពរបស់គេ។ Brentford ត្រូវបានគេដឹងថាអាចដំណើរការរឿងផ្ទេរនេះបានឆាប់រហ័ស តាមរយៈទំនាក់ទំនងរបស់អ្នកចាត់ការបច្ចុប្បន្នសញ្ជាតិដាណឺម៉ាកលោក Thomas Frank។ ខ្សែបម្រើដាណឹម៉ាក Christian Eriksen មុននេះក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមហូឡង់ Ajax Amsterdam ផងដែរដើម្បីពង្រឹងកាយសម្បទារបស់ខ្លួនក្នុងការស្វែរកងក្លិបថ្មី។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយ Ajax ដោយបានចំណាយពេល ៥ឆ្នាំមុនចាកចេញទៅកាន់ Tottenham Hotspur នៅឆ្នាំ២០១៣។ Brentford បច្ចុប្បន្នកំពុងឈរលេខ ១៤ ក្នុងតារាងនៅក្របខណ្ឌ English Premier League ក្នុងការបង្ហាញខ្លួន ដំបូងនៅក្របខណ្ឌកំពូលអង់គ្លេសតាំងពីឆ្នាំ១៩៤៧៕
អត្ថបទ៖នាង សុភាវុធ