អ៊ីរ៉ង់ បានព្យួរកបុរសម្នាក់ដែលគេសង្ស័យថាជា «ចារកម្មដ៏សំខាន់បំផុតសម្រាប់អ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីរ៉ង់» ជាការប្រហារជីវិតលើកទី១០ បន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃកាលពីខែមិថុនាជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
កាលពីថ្ងៃច័ន្ទ សារព័ត៌មានMizan ជាប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការបានរាយការណ៍ថា លោក Bahman Choobiasl ត្រូវបានប្រហារជីវិតជុំវិញជំនួបរបស់លោកជាមួយមន្ត្រីមកពីទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad ។ យោងតាមសារព័ត៌មាន Mizan បានឲ្យដឹងថា លោក Choobiasl បានធ្វើការលើ «គម្រោងទូរគមនាគមន៍ដ៏រសើប»។
សារព័ត៌មាន Mizan បាននិយាយថា «គោលដៅចម្បងរបស់ទីភ្នាក់ងារចារកម្ម Mossad ក្នុងការទាក់ទាញកិច្ចសហប្រតិបត្តិការរបស់លោក Choobiasl គឺដើម្បីទទួលបានមូលដ្ឋានទិន្នន័យរបស់ស្ថាប័នរដ្ឋាភិបាល និងបង្កើតការបំពានលើមជ្ឈមណ្ឌលទិន្នន័យរបស់អ៊ីរ៉ង់ រួមជាមួយនឹងគោលដៅបន្ទាប់បន្សំផ្សេងទៀត រួមទាំងការស៊ើបអង្កេតច្រកនាំចូលឧបករណ៍អេឡិចត្រូនិក» ។