ស្របពេលដែលយានដ្រូនអ៊ីស្រាអែលហោះសំកាំងពីលើក្បាល ឪពុកដ៏ក្រៀមក្រំឈរនៅជិតផ្នូរកូនស្រី Mariam Abu Daqqa របស់គាត់ ដែលជាអ្នកសារព័ត៌មាន ។
អ្នកនាង Mariam Abu Daqqa ស្ថិតនៅក្នុងចំណោមអ្នកសារព័ត៌មាន ៥នាក់ ដែលត្រូវបានសម្លាប់កាលពីខែមុន នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Yunis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ។

ស្រ្តីវ័យ ៣៣ឆ្នាំម្នាក់នេះ ស្ថិតក្នុងចំណោមអ្នកឆ្លើយឆ្លងព័ត៌មានស្រីប៉ុន្មាននាក់ប៉ុណ្ណោះ ដែលធ្វើការនៅក្នុងតំបន់ហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ។ អ្នកនាងក៏ជាម្តាយម្នាក់ផងដែរ ជាបងស្រី និងជាម្តាយមីង ។
លោក Riyad Abu Daqqa ដែលជាឪពុករបស់អ្នកនាង Mariam និយាយពេលលោកឧទ្ទឹសកុសលនៅផ្នូរកូនស្រីថា កូនស្រីរបស់គាត់ដឹងពីគ្រោះថ្នាក់នៃការធ្វើសេចក្តីរាយការណ៍ពីដែនដីប៉ាឡេស្ទីនមួយនេះ ។
លោកបន្តថា ប៉ុន្តែកូនស្រីរបស់គាត់បានប្តេជ្ញាចិត្តចងក្រងឯកសារនៃការបង្ហូរឈាមលើដី និងបញ្ជូនទុក្ខវេទនារបស់ជនស៊ីវិលហ្កាហ្សាទៅដល់ពិភពលោក ។
លោក Riyad និយាយថា កូនស្រីនិយាយប្រាប់លោកក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យថា នាងចង់ធ្វើជាអ្នកសារព័ត៌មាន ។ លោកប្រាប់ទៅកាន់ស្រីវិញថា ធ្វើជាអ្នកសារព័ត៌មានហត់ណាស់ ហើយពិបាកខ្លាំងទៀតផង ។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់អ្នកសារព័ត៌មានរហូតដល់ ២៧៤នាក់ ក្នុងនោះ អ្នកសារព័ត៌មាន ២៦៩នាក់ គឺជាជនប៉ាឡេស្ទីន អំឡុងសង្រ្គាមនៅហ្កាហ្សា ៕
