រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងមូស្គូ មិនជឿថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Tomahawk ឲ្យដល់អ៊ុយក្រែននោះទេ។
គួរជ្រាបថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន សម្រាប់មីស៊ីល Tomahawks។
តែលោក Lavrov បានបញ្ជាក់ថា ការពិភាក្សារបស់សហរដ្ឋអាមេរិក អំពីបញ្ហានេះ មើលទៅដូចជាដោយសារតែសម្ពាធពីអឺរ៉ុប ហើយថា ទីក្រុងវ៉ាស៊ីនតោន ចង់បង្ហាញថា ខ្លួនកំពុងពិចារណាលើគំនិតរបស់សម្ព័ន្ធមិត្តនេះ។
កាលពីថ្ងៃចន្ទ រុស្ស៊ីបានឲ្យដឹងថា យោធារបស់ខ្លួន កំពុងវិភាគថា តើសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់មីស៊ីល Tomahawks ឲ្យដល់អ៊ុយក្រែនដែរ ឬយ៉ាងណា ដើម្បីបើកផ្លូវឲ្យមានការវាយប្រហារចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី ជាចំណាត់ការមួយដែលមន្ត្រីរុស្ស៊ីលើកឡើងថា អាចបង្កឲ្យមានការកើនឡើងនូវភាពតានតឹងយ៉ាងធ្ងន់ធ្ងរ៕