ក្រុមអ្នកស្រុក និងសេវាកម្មតាមដាននិយាយថា សេវាអ៊ីនធឺណិត និងទូរស័ព្ទដៃនៅអាហ្វហ្គានីស្ថាន ត្រូវបានកាត់ផ្តាច់នៅទូទាំងប្រទេសនាថ្ងៃអង្គារនេះ សម្រាប់ថ្ងៃទី ២ ប៉ុន្តែរដ្ឋបាលតាលីបង់ ពុំបានផ្តល់ការពន្យល់ភ្លាមៗនោះទេ ។
កាលពីមុន ក្រុមតាលីបង់ បានបង្ហាញការព្រួយបារម្ភចំពោះរូបភាពអាសអាភាសតាមអនឡាញ ក្នុងនោះក្រុមអាជ្ញាធរ បានកាត់ផ្តាច់ការទំនាក់ទំនងទៅកាន់ខេត្តមួយចំនួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលក្រុមមន្រ្តីលើកឡើងពីក្តីកង្វល់សីលធម៌ ។
ក្រុម NetBlocks ដែលជាអង្គភាពតាមដានការទទួលបានអ៊ីនធឺណិតអន្តរជាតិ និយាយថា ការតភ្ជាប់អ៊ីនធឺណិតនៅអាហ្វហ្គានីស្ថាន បានធ្លាក់ចុះមកនៅចំណុច ១ភាគរយ ។
ក្រុម NetBlocks បាននិយាយនៅក្នុងអ៊ីម៉ែលផ្ញើរទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការតភ្ជាប់ត្រូវបានកាត់ផ្តាច់តាមដំណាក់កាលកាលពីថ្ងៃចន្ទ ក្នុងនោះដំណាក់កាលចុងក្រោយ បានធ្វើឲ្យប៉ះពាល់ដល់សេវាទូរស័ព្ទ ។
ពួកគេបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា បច្ចុប្បន្នអាហ្វហ្គានីស្ថានស្ថិតនៅកណ្តាលការដាច់អ៊ីនធឺណិតទាំងស្រុង ស្របពេលដែលអាជ្ញាធរតាលីបង់ ចាត់វិធាំនការអនុវត្តវិធានការសីលធម៌ ៕