អ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយនៅថ្ងៃអង្គារនេះថា ទ័រគីនឹងចូលរួមកិច្ចប្រជុំរបស់ក្រុមសម្របសម្រួលលើបញ្ហាសង្រ្គាមហ្កាហ្សា នៅថ្ងៃអង្គារនេះ ក្នុងប្រទេសកាតា ។
អ្នកនាំពាក្យរូបនោះបន្តថា កាតាពេញចិត្តនឹងការធានាសន្តិសុខររបស់សហរដ្ឋអាមេរិកដែលពួកគេទទួលបាន បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយសុំអភ័យទោសជាផ្លូវការនៅថ្ងៃអង្គារនេះ ដល់កាតា សម្រាប់ការវាយប្រហារតាមច្រកអាកាសស្លាប់មនុស្សរបស់អ៊ីស្រាអែលកាលពីដើមខែនេះ ។
ការសុំអភ័យទោសនេះ ត្រូវបានធ្វើឡើងនៅក្នុងការជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani ដោយមានការសម្របសម្រួលពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។
នៅថ្ងៃអង្គារនេះដែរ ក្រុមហាម៉ាស កំពុងពិនិត្យមើលផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សារបស់ លោក Trump ស្របពេលដែលលោក Netanyahu និយាយថា យោធារបស់លោកនឹងបន្តនៅតំបន់ភាគច្រើនក្នុងដែនដីមួយនេះ ក្រោយរូបលោកផ្តល់ការគាំទ្រដល់លោក Trump ៕