វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះថា មានមនុស្សជាច្រើនដែលរស់នៅក្នុងតំបន់ Odesa និង Mykolaiv របស់អ៊ុយក្រែន ចង់ «ភ្ជាប់ជោគវាសនារបស់ពួកគេជាមួយប្រទេសរុស្ស៊ី» ប៉ុន្តែខ្លាចមិនហ៊ាននិយាយចេញមក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងឆ្លើយតបទៅនឹងសំណួរសន្មតិ អំពីអ្វីដែលនឹងកើតឡើង ប្រសិនបើប្រជាជននៅក្នុងតំបន់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត ជុំវិញថា តើត្រូវសម្រេចក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីដែរ ឬយ៉ាងណា។
រុស្ស៊ីបានប្រកាសកាលពីឆ្នាំ២០២២ ថា តំបន់ចំនួនបួនផ្សេងទៀតរបស់អ៊ុយក្រែន ឥឡូវនេះជាផ្នែកនៃដែនដីរុស្ស៊ី បន្ទាប់ពីបានធ្វើប្រជាមតិ ជាដំណើរការដែលត្រូវបានថ្កោលទោសដោយទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា ជាទង្វើខុសច្បាប់ និងបង្ខិតបង្ខំ។
ជាមួយគ្នានេះ អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានបញ្ជាក់ថា អឺរ៉ុបនឹងល្អប្រសើរ ប្រសិនបើស្វែងរកការសន្ទនាជាមួយរុស្ស៊ី អំពីបញ្ហាសន្តិសុខ ជាជាងសម្លឹងដល់ការកសាង «ជញ្ជាំងការពារយានដ្រូន» ដែលនាំឲ្យមានជម្លោះ៕