នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីនរស់នៅក្នុងជំរំបណ្តោះអាសន្ននៅជិតមាត់សមុទ្រ ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បានបង្ហាញនូវភាពខកចិត្តរបស់ពួកគេចំពោះផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ក្រោយជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា លោក Nabil Aawad គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយថា ផែនការនេះមានតែបម្រើផលប្រយោជន៍សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ ។
លោកថា ពួកគេចាប់អារម្មណ៍លើតំបន់ហ្កាហ្សា ពួកគេចង់បញ្ចប់តំបន់ហ្កាហ្សាតាមវិធីសាស្រ្តណាមួយដែលអាចធ្វើទៅបាន ហើយភាពស្មុគស្មាញទាំងអស់នេះ កើតចេញពីលោក Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប៉ុណ្ណោះ ហើយបើសិនជាពួកគេចង់ដោះស្រាយសង្រ្គោះ ពួកគេគួរដោះស្រាយវាជាយូរណាស់មកហើយ ។ ពួកយើងគឹជាជនរងគ្រោះនៅទីនេះ ។
សេតវិមានបានបញ្ចេញឯកសារមាន ២០ចំណុចដែលអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ការដោះដូរចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស្ថាប័នអន្តរជាតិ ។
គេនៅពុំទាន់ច្បាស់ភ្លាមៗនោះទេថាតើរដ្ឋបាលលោក Trump និងអ៊ីស្រាអែល បានដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេរួចហើយឬនៅ រួមទាំងលទ្ធភាពនៃអនាគតរដ្ឋប៉ាឡេស្ទីនដែលលោក Netanyahu បានបដិសេធន៍ចោលយ៉ាងខ្លាំងក្លា ហើយនិងតួនាទីណាមួយសម្រាប់អាជ្ញាធរប៉ាឡេស្ទីនក្នុងអភិបាលកិច្ចក្រោយសង្រ្គាមនៅដែនដីបិទច្រកមួយនេះ ។
លោក Trump បានថ្លែងអំណរគុណលោក Netanyahu សម្រាប់ការឯកភាពលើផែនការមួយនេះ ហើយនិងសម្រាប់ការទុកចិត្ត បើសិនជាពួកយើងធ្វើការរួមគ្នា ពួកយើងនឹងអាចបញ្ចប់ការស្លាប់ និងការបំផ្លិចបំផ្លាញដែលពួកយើងបានមើលឃើញអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ឬសូម្បីតែរយៈពេលច្រើនសតវត្សរ៍កន្លងមកនេះ ។
សូមបញ្ជាក់ថា ក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អំឡុងការវាយប្រហាររបស់ពួកគេលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។ អាជ្ញាធរសុខភាពហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជាង ៦៦.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលរហូតមក ៕