ភ្នំពេញ ÷ សិប្បករខ្មែរបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង នៅលើការលក់ផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅ កម្ពុជា ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកាន់តែមានសម្ទុះខ្លាំងឡើង ដែលបានជំរុញដល់ការលើកស្ទួយ និងការឲ្យ តម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។
សិប្បករខ្មែរ ដែលជាម្ចាស់សិប្បកម្ម លក់ផលិតផល នៅក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា២០២៥ ថ្លែងប្រាប់ BTV ស្តីពី កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការលក់ផលិតផលនៅក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅ កម្ពុជា នៅថ្ងៃទី៣ នៃពិព័រណ៍ថ្ងៃចុងក្រោយនេះថា ចាប់តាំងពីកើតឡើងនៃញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ចលនារួបរួមជាតិ មានសម្ទុះយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសសហគ្រាស និងសិប្បកម្ម ដែលផលិតរបស់របរប្រើប្រាស់ និងផលិតនំចំណី ដែលជាអាហារហូបចុកប្រចាំថ្ងៃ កំពុងមមាញឹកលើខ្សែផលិតកម្មរបស់ខ្លួន នៅក្នុងកិច្ចដំណើរផលិត និងវេចខ្ចប់ ឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាជន។
សិប្បករទាំងនេះ លើកឡើងបន្ថែមថា ខណៈដែលខ្សែវាក់ផលិតកម្មដំណើរការ គឺបានបញ្ជាក់ថា ការផ្គត់ផ្គង់ផលិតផលចូល ទីផ្សារក៏មានកំណើនល្អជាងមុនផងដែរ ជាក់ស្តែងការលក់ផលិតផលរយៈពេល ៣ថ្ងៃ ក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា២០២៥ នេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ បញ្ហានេះ ពួកគាត់ក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ សូមបន្ត គាំទ្រផលិតផលខ្មែរជារៀងរហូត ដើម្បីចូលរួមលើកកម្ពស់ដល់ចលនាផលិតក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា បង្កើតការងារ និងប្រាក់ ចំណូល ជាពិសេសការចូលរួមលើកកម្ពស់នៃកំណើនសេដ្ឋកិច្ចជាតិទាំងអស់គ្នា។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលចិននៅកម្ពុជា២០២៥ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ ទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ លើការដាក់តាំងបង្ហាញពីផលិតផល ក្នុងវិស័យគ្រឿងបន្លាស់យានយន្ត, គ្រឿង អេឡិចត្រូនិច, ផលិតផលវាយនភ័ណ្ឌ, និងផលិតផលជាច្រើន ដោយមានសហគ្រាសមកពីប្រទេសចិនជាង ១០០ សហគ្រាស និង អ្នកវិនិយោគចិនជាច្រើនបានចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងពិព័រណ៍ននោះដែរ ក៏មានដាក់លក់ផលិតផលខ្មែរជាច្រើនស្តង់ផងដែរ ដោយក្នុងព្រឹត្តិការណ៍នោះ សិប្បករខ្មែរទទួលបានជោគជ័យ គួកត់សម្គាល់ នៅលើការដាក់តាំងបង្ហាញ ក៏ដូចជាការលក់ផលិតផលរបស់ខ្លួន៕
អត្ថបទ៖ សុន រ៉ាឌី










