គ្រួសារនៅរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមនឹងការលំបាកកើនឡើង ក្នុងការទទួលបានទឹកប្រើប្រាស់ ដោយបង្ខំឲ្យពួកគេតម្រង់ជួរយ៉ាងវែងរង់ចាំទទួលទឹក ។
លោក Assadullah គឺជាម្ចាស់ហាងមួយរូបនិយាយថា រាល់ថ្ងៃលោកពិបាកទទួលបានទឹកសម្រាប់សមាជិកគ្រួសារលោក ១៣នាក់ខ្លាំងណាស់ ចាប់តាំងពីអណ្តូងរីងស្ងួតកាលពីរយៈពេល ៤ឆ្នាំមុន ។
ការលំបាករបស់គ្រួសារមួយនេះ បានឆ្លុះបញ្ចាំងពីការលំបាកដូចគ្នានៅតាមតំបន់ជាច្រើន ក្នុងប្រទេសអាហ្វហ្គានីស្ថាន ពេលដែលវិបត្តិទឹកកើតមានឡើង ។ គ្រោះរាំងស្ងួតកំពុងបន្ត បានធ្វើឲ្យការផ្គត់ផ្គង់ទឹកកាន់តែធ្ងន់ធ្ងរទៅ គំរាមកំហែងដល់សន្តិសុខស្បៀង និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោក Assadullahបន្តថា ប្រភពទឹកដែលនៅជិតបំផុត ក៏ពួកយើងត្រូវចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់កន្លះម៉ោងដែរ ។ ពួកយើងរង់ចាំជាជួរជាមួយនឹងធុងទឹករបស់ពួកយើង ហើយជួនកាលពួកយើងទទួលបានទឹក តែជួនកាលទៀត ពួកយើងពុំទទួលបានទឹកនោះទេ ពួកយើងពុំអាចទាយដឹងមុននោះទេ ។ ការទៅយកទឹកនេះ អាចចំណាយពេល ២-៣ម៉ោង ហើយពេលបានទឹក ពួកយើងត្រូវដឹកធុងទឹកទាំងនេះ ត្រឡប់មកផ្ទះវិញ ។
នៅក្នុងរបាយការណ៍មួយរបស់បណ្តាញវិភាគអាហ្វហ្គានីស្ថាន បានធ្វើការព្រមាននៅក្នុងខែនេះថា ទឹកក្រោមដីនៅទីក្រុងកាប៊ុល អាចនឹងអស់ក្នុងឆ្នាំ ២០៣០ ក្នុងនោះទីក្រុងផ្សេងទៀតរបស់អាហ្វហ្គានីស្ថាន នឹងត្រូវរីងស្ងួតដូចគ្នា ។
លោក Assadullahនិយាយទៀតថា ពួកគេត្រូវទៅដងទឹក ៣-៤លើកក្នុង ១ថ្ងៃ ធ្វើឲ្យលោកអស់កម្លាំងខ្លាំង ហើយនិងបណ្តាលឲ្យកូនៗរបស់លោកលែងអាចបានទៅសាលារៀន ។ ភរិយារបស់លោក គឺអ្នកស្រី Speray ព្យាយាមប្រើប្រាស់ទឹកតិចបំផុតតាមដែលអាចធ្វើទៅបាន រហូតដល់ដំណក់ចុងក្រោយ ។
អ្នកស្រី Speray និយាយថា ទឹកមួយធុង គាត់ងូតទឹកឲ្យកូនគាត់ ៣នាក់ ហើយបើមានខោអាវ ១០-១៥កំផ្លេ គាត់ប្រើទឹកតែ ២ធុងប៉ុណ្ណោះ ដើម្បីបោកគក់វា ។
កង្វះខាតទឹកស្អាតនេះដែរ មាននូវផលប៉ះពាល់សុខភាពផងដែរ ធ្វើឲ្យលោក Assadullahកើតមានដំបៅ ហើយអ្នកស្រី Speray កើតមានជំងឺបាក់តេរី ៕

