រោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាត់ធំលើកដំបូងរបស់យេម៉ែន នឹងជួយកាត់បន្ថយការខ្វះខាតអគ្គិសនីនៅទីក្រុងកំពង់ផែភាគខាងត្បូង Aden ក៏ដូចជាផ្តល់ភាពធូរស្រាលដល់ប្រជាពលរដ្ឋ និងធុរកិច្ចដែលទទួលរងការខាតបង់ ជាពិសេសអំឡុងពេលរងផលប៉ះពាល់ក្នុងរដូវក្តៅខ្លាំង ។
ផ្តល់មូលនិធិដោយប្រទេសជិតខាងអារ៉ាប់រួម និងប្រតិបត្តិការចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤រហូតមក រោងចក្រថាមពលពន្លឺព្រះអាទិត្យក្រុង Aden បានក្លាយជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកថាមពលកកើតឡើងវិញ នៅក្នុងប្រទេសដែលទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) ចាត់ទុកថាជាប្រទេសមានអគ្គិសនីតិចជាងគេបំផុតនៅតំបន់មជ្ឈិមបូព៌ា ។
យេម៉ែនបានជួបវិបត្តិអគ្គិសនីអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដោយសារកង្វះប្រេងឥន្ធនៈ និងសង្រ្គាម បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ ។
យោងតាមការអះអាងរបស់លោក Sabri al-Maamari ដែលជាអ្នកបច្ចេកទេសនៅរោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនេះ បានឲ្យដឹងថា ស្ថិតនៅភាគខាងជើងទីក្រុង Aden ដែលជាអាសនៈស្តីទីនៃរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេម៉ែន រោងចក្រថាមពល ១២០មេហ្គាវ៉ាត់នេះ នឹងផ្តល់អគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋចន្លោះពី ១៥ម៉ឺនខ្នង ដល់ ១៧ម៉ឺនខ្នងជារៀងរាល់ថ្ងៃ ។
លោក Mubarak Qaid ដែលប្រតិបត្តិការផ្សារទំនើបនៅក្នុងទីក្រុង Aden និយាយថា ការដាច់ចរន្តអគ្គិសនី ធ្លាប់បណ្តាលឲ្យខូចខាតទំនិញជាច្រើន ហើយពេលដែលពួកយើងប្រគល់ទំនិញខូចខាតទាំងនេះដល់ក្រុមហ៊ុនផ្គត់ផ្គង់វិញ ពួកគេពុំទទួលយកវានោះឡើយ ធ្វើឲ្យពួកគេដែលជាអាជីវករ ទទួលរងការខាតបង់ ។
ស្របពេលដែលថាមពលពន្លឺព្រះអាទិត្យស្មើនឹង ១០,៤ភាគរយនៃការបង្កើតថាមពលអគ្គិសនីសរុបរបស់ប្រទេសយេម៉ែនកាលពីឆ្នាំ ២០២៣ គេរំពឹងថានៅដំណាក់កាលទី ២ ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យក្រុង Aden គ្រោងនឹងបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងនៅឆ្នាំ ២០២៦ ៕

