ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ថា រដ្ឋបាលរបស់លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ Harvard បន្ទាប់ពីមានការចរចារយៈពេលជាច្រើនខែ ហើយសាកលវិទ្យាល័យនឹងត្រូវបង់ប្រាក់ចំនួន៥០០លានដុល្លារ។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យពងក្រពើ(Oval Office) ដោយនិយាយសំដៅទៅរករដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon ថា «លោកស្រី Linda កំពុងបញ្ចប់ព័ត៌មានលម្អិតចុងក្រោយ» ហើយពួកគេនឹងបង់ប្រាក់ប្រហែល៥០០លានដុល្លារ ដែលនឹងធ្វើប្រតិបត្តិការសាលារៀនពាណិជ្ជកម្ម។ ពួកគេនឹងបង្រៀនមនុស្សពីរបៀបធ្វើ បញ្ញាសិប្បនិម្មិត(AI) និងអ្វីៗជាច្រើនមុខផ្សេងទៀត ដូចជាផ្នែកម៉ាស៊ីន និងរបស់ជាច្រើនទៀត»។
សាកលវិទ្យាល័យ Harvard មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើការលើកឡើងរបស់លោក Trump នោះទេ។
រដ្ឋបាល លោក Trump បានគំរាមដល់សាលារៀននានា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដោយការកាត់ទុកមូលនិធិសហព័ន្ធជុំវិញបញ្ហាជាច្រើនរួមទាំងការតវ៉ាគាំទ្រប៉ាឡេស្ទីនប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គំនិតផ្តួចផ្តើមអាកាសធាតុ និងគោលនយោបាយប្តូរភេទជាដើម។
ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សបានលើកឡើងពីការព្រួយបារម្ភសិទ្ធិសេរីភាព ឯកជនភាព និងសេរីភាពក្នុងការសិក្សា ជុំវិញការស៊ើបអង្កេតរបស់រដ្ឋបាល លោក Trump ចូលទៅក្នុងសាកលវិទ្យាល័យ។